ទំនុកតម្កើង 59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ ទំនុករបស់ស្តេចដាវីឌ តាមបទ «សូមកុំបំផ្លាញ» នៅគ្រាដែលស្តេចសូលចាត់គេទៅឃ្លាំមើលផ្ទះរបស់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះអង្គ។ សម្រាប់មេភ្លេង។ 1 ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ។ 2 សូមរំដោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្ស ដែលកម្ចាយឈាម។ 3 ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ 4 ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ គេរត់មក ហើយត្រៀមជាស្រេចហើយ។ សូមព្រះអង្គតើនឡើង សូមយាងមកជួយទូលបង្គំ ហើយទតមើលចុះ! 5 ឱព្រះអង្គ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល សូមតើនឡើង ហើយដាក់ទោស ជាតិសាសន៍ទាំងអស់នោះ សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់ 6 ៙ គេត្រឡប់មកវិញរាល់ល្ងាច ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។ 7 មើល៍ គេបើកមាត់ជេរប្រមាថ បបូរមាត់របស់គេប្រៀបដូចជាដាវ ដ្បិតគេគិតថា «តើមានព្រះណានឹងស្ដាប់យើង?» 8 ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសើចចំអកឲ្យគេ ព្រះអង្គចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។ 9 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។ 10 ៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។ 11 ៙ សូមកុំសម្លាប់គេ ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ ហើយច្រានទម្លាក់គេទៅ! 12 ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក 13 សូមបំផ្លាញគេដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមបំផ្លាញគេឲ្យអស់ កុំឲ្យមានទៀតឡើយ ដើម្បីឲ្យគេដឹងថា ព្រះគ្រប់គ្រងលើពួកយ៉ាកុប រហូតដល់ចុងបំផុតនៃផែនដី។ –បង្អង់ 14 ៙ គេត្រឡប់មកវិញរាល់ល្ងាច ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។ 15 គេដើរចុះឡើងរកអាហារ ហើយគេគ្រហឹម ប្រសិនបើគេស៊ីមិនឆ្អែត។ 16 ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។ 17 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ ជាព្រះដែលសម្ដែងព្រះហឫទ័យ សប្បុរសដល់ទូលបង្គំ។ |
© 2016 United Bible Societies
Bible Society in Cambodia