ទំនុកតម្កើង 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ភាគទីមួយ (ទំនុកតម្កើង ១-៤១) ផ្លូវពីរ 1 មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ 2 គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ 3 អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។ 4 ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។ 5 ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ នៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ នៃមនុស្សសុចរិតបានដែរ 6 ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។ |
© 2016 United Bible Societies
Bible Society in Cambodia