Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​យេរេមា​នៅ​ឯកោ

1 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

2 អ្នក​មិន​ត្រូវ​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស កូន​ស្រី​នៅ​ទី​នេះ​ទេ

3 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ពី​ម្តាយ​ដែល​សម្រាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា

4 គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​យើង​បាន​ដក​សេចក្ដី​សុខ​របស់​យើង គឺ​ជា​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត‌អាសូរ ចេញ​ពី​ជន​ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

6 មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ឡើយ។

7 គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ជូន​ដល់​អ្នក​សោយ​សោក ដើម្បី​កម្សាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​គ្មាន​អ្នក​ណា​ជូន​ពែង​រំ​លែក​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​គេ​បាត់​បង់​ឪពុក​ម្តាយ​នោះ​ដែរ។

8 ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី​លៀង អ្នក​មិន​ត្រូវ​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា‌មួយ​គេ​ដែរ។

9 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ នៅ​គ្រា​អាយុ​អ្នក ហើយ​នៅ​ចំពោះ​ភ្នែក​អ្នក យើង​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

10 ពេល​ណា​អ្នក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ជន​ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​អ្នក​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ការ​អាក្រក់​យ៉ាង​ធំ​ទាំង​នេះ​ទាស់​នឹង​យើង​ដូច្នេះ? តើ​យើង​មាន​អំពើ​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង?

11 នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​យើង ឥត​ដែល​រក្សា​ច្បាប់​យើង​ឡើយ

12 ហើយ​ចំណែក​អ្នក​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​បុព្វ‌បុរស​អ្នក​ទៅ​ទៀត ដ្បិត អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​អ្នក​រៀង​ខ្លួន បាន​ជា​មិន​ព្រម​ស្តាប់​តាម​យើង​សោះ។

13 ហេតុ​នោះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។


ព្រះនឹង​ស្ដាប្រទេសអ៊ីស្រាអែល​ឡើង​វិញ

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក

15 គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​ផង យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ។

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ បន្ទាប់​មក យើង​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។

17 ដ្បិត​ភ្នែក​យើង​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​យើង​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​យើង​ដែរ។

18 ប៉ុន្តែ មុន​ដំបូង យើង​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​មួយ​ជា​ពីរ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​ធ្វើ​ឲ្យ​ស្រុក​ជា​មត៌ក​របស់​យើង មាន​ពេញ​ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។

19 ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូល‌បង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ព្រះ‌អង្គ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​ពាក្យ​កុហក គឺ​ជា​សេចក្ដី​អសារ​ឥត​ការ និង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វីសោះ។

20 តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សម្រាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ?

21 ដូច្នេះ មើល៍! យើង​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់ ម្តង​នេះ​យើង​នឹង​ធ្វើ​គេ​ស្គាល់​ដៃ​យើង និង​ឥទ្ធិ‌ឫទ្ធិ​របស់​យើង នោះ​គេ​នឹង​ស្គាល់​ឈ្មោះ​យើង ថា​ជា​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម