ព្រះអង្គមិនបានឃើញមានគ្រោះកាចនៅក្នុងពួកយ៉ាកុបទេ ក៏មិនឃើញមានភាពវឹកវរនៅក្នុងពួកអ៊ីស្រាអែលដែរ។ ព្រះយេហូវ៉ាជាព្រះរបស់គេ ទ្រង់គង់នៅជាមួយគេ ទាំងមានសម្រែកប្រកាសថាព្រះអង្គជាស្តេចនៅកណ្ដាលពួកគេ។
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅយ៉ាកកូបឡើយ ហើយក៏គ្មានទុក្ខវេទនាណា កើតមានដល់ កូនចៅអ៊ីស្រអែលដែរ។ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ នៅជាមួយពួកគេ ពួកគេប្រកាសថា ទ្រង់ជាស្តេចរបស់ពួកគេ។
មើល៍ ព្រះគង់ជាមួយយើង ហើយក៏នាំមុខយើង ពួកសង្ឃរបស់ព្រះអង្គក៏កាន់ត្រែ សម្រាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងអ្នករាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឡើយ ព្រោះអ្នករាល់គ្នានឹងមិនចម្រើនទេ»។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា !
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង!
ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។
នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
គឺព្រះយេហូវ៉ានឹងគង់ជាមួយយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ និងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយព្រះអង្គហើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងរកអំពើទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែរកមិនឃើញទេ ហើយរកអំពើបាបរបស់ពួកយូដា តែមិនឃើញឡើយ ពីព្រោះយើងនឹងអត់ទោសដល់ពួកអ្នកដែលយើងទុកឲ្យនៅសល់»។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនា កាលប្រជាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
"ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ព្រះអង្គអត់ទោសសេចក្ដីទុច្ចរិត និងអំពើរំលង តែមិនរាប់មនុស្សមានទោស ទុកជាគ្មានទោសឡើយ គឺព្រះអង្គដាក់ទោសអំពើទុច្ចរិតរបស់ឪពុកដល់កូនចៅ រហូតដល់បីបួនជំនាន់ផង"។
សូមអត់ទោសអំពើទុច្ចរិតរបស់ប្រជាជននេះ តាមសេចក្ដីសប្បុរសដ៏ធំរបស់ព្រះអង្គ ដូចព្រះអង្គបានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ»។
អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។
«មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។
ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។
គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
គេបានប្រព្រឹត្តយ៉ាងខូចអាក្រក់ជាមួយព្រះអង្គ គេមិនមែនជាកូនរបស់ព្រះអង្គទៀតទេ ព្រោះគេបានសៅហ្មង ជាតំណមនុស្សវៀច ហើយក្រវិចក្រវៀន
ព្រះយេហូវ៉ាជាស្តេចនៅក្នុងពួកយេស៊ូរុន នៅពេលពួកមេលើប្រជាជនបានប្រមូលគ្នា គឺកុលសម្ព័ន្ធទាំងអស់នៃសាសន៍អ៊ីស្រាអែល។
អ្នករាល់គ្នាចេះតែបះបោរទាស់នឹងព្រះយេហូវ៉ាជានិច្ច តាំងតែពីខ្ញុំ បានស្គាល់អ្នករាល់គ្នាមក។
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។