យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «អុលឡោះតាអាឡាបានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
អេសាយ 51:11 - អាល់គីតាប ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចំរៀង គេនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ឯសេចក្ដីទុក្ខព្រួយនឹងដំងូរ នោះនឹងខ្ចាត់បាត់ទៅ។ |
យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «អុលឡោះតាអាឡាបានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
អុលឡោះតាអាឡានឹងធ្វើឲ្យឈូងសមុទ្រ នៅស្រុកអេស៊ីបរីងស្ងួត ទ្រង់លើកដៃកំហែងទន្លេអឺប្រាត ទ្រង់ប្រើអំណាចផ្លុំបំបែកទន្លេនេះ ឲ្យទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។
ទ្រង់នឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ អុលឡោះតាអាឡាជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ទ្រង់ក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ទ្រង់ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។
ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី ឲ្យមនុស្សម្នាដឹងឮថា អុលឡោះតាអាឡាបានលោះកូនចៅយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់មកវិញហើយ!។
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់អាណិតមេត្តាកូនចៅរបស់ទ្រង់ ដែលរងទុក្ខវេទនា។
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសំរែកយំសោកទៀតហើយ
ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ ហើយពួកយុវជន និងពួកចាស់ទុំ ក៏នឹងរាំយ៉ាងសប្បាយដែរ។ យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ ប្រែទៅជាអំណររីករាយ យើងនឹងសំរាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ ឡើងវិញ។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះ ជាបិតានៃយើងស្រឡាញ់យើង ទ្រង់បានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារគុណនៃទ្រង់ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមអ៊ីសាអាល់ម៉ាហ្សៀសផ្ទាល់ជាអម្ចាស់នៃយើង និងអុលឡោះជាបិតា
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។
ទ្រង់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ទ្រង់នាំគ្នាគោរពថ្វាយបង្គំទ្រង់
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។