Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 55 - អាល់គីតាប


អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ការ​សង្គ្រោះ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ! ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក​ហើយ​ពិសា​ទៅ។ ចូរ​មក​យក​អាហារ​បរិភោគ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ!

2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។

3 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា‌ករុណា​របស់​យើង ចំពោះ​ទត។

4 យើង​បាន​តែង‌តាំង​ទត ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។

5 អ៊ីស្រ‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយ ដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មក ហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​រក​អ្នក ព្រោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក និង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។

6 ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។

7 មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រកអុលឡោះ‌តាអាឡា​វិញ ទ្រង់​មុខ​ជា​មេត្តា‌ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ម្ចាស់​នៃ​យើង​វិញ ដ្បិត​ទ្រង់​មាន​ចិត្ត​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។

9 មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

10 ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។

11 រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។

12 ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។

13 ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ ទុក​ជា​ទី​សំគាល់​ដែល​ឥត​ប្រែ‌ប្រួល ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា អុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​នេះ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម