២ ថែស្សាឡូនីច 2 - អាល់គីតាបព្រឹត្ដិការណ៍ដែលនឹងកើតមាន មុនអ៊ីសាមក 1 បងប្អូនអើយ ចំពោះពេលដែលអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង មកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយគាត់នោះ យើងសូមអង្វរបងប្អូនថា 2 កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃអ៊ីសាជាអម្ចាស់មកហើយ។ ប្រហែលជាមានអ្នកខ្លះថា រសអុលឡោះបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសំដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ 3 កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងអ៊ីសាជាអម្ចាស់មក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ 4 មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់អុលឡោះ ហើយប្រកាសខ្លួនឯងថា ជាអុលឡោះថែមទៀតផង។ 5 កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? 6 ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ 7 គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ 8 វានឹងចេញមុខមក ហើយអ៊ីសាជាអម្ចាស់នឹងបំផ្លាញវាដោយខ្យល់រួចហើយ នៅពេលអ៊ីសាមក គាត់នឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់គាត់។ 9 រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។ 10 វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ 11 ហេតុនេះហើយបានជាអុលឡោះចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ 12 ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។ ជីវិតខ្ជាប់ខ្ជួនក្នុងជំនឿ 13 ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ 14 អុលឡោះត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ 15 ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។ 16 អុលឡោះ ជាបិតានៃយើងស្រឡាញ់យើង ទ្រង់បានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារគុណនៃទ្រង់ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមអ៊ីសាអាល់ម៉ាហ្សៀសផ្ទាល់ជាអម្ចាស់នៃយើង និងអុលឡោះជាបិតា 17 សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសំដីល្អដែលបងប្អូននិយាយ។ |
© 2014 United Bible Societies, UK.
United Bible Societies