ទំនុកតម្កើង 126 - អាល់គីតាបអុលឡោះបានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ 2 យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «អុលឡោះតាអាឡាបានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ 3 អុលឡោះតាអាឡាពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ 4 ឱអុលឡោះតាអាឡាអើយ សូមប្រោសប្រទានឲ្យ យើងខ្ញុំបានចំរុងចំរើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ 5 អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ 6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
© 2014 United Bible Societies, UK.
United Bible Societies