អេសាយ 44 - អាល់គីតាបមានតែអុលឡោះប៉ុណ្ណោះដែលពិតជាម្ចាស់ 1 កូនចៅយ៉ាកកូបជាអ្នកបម្រើរបស់យើង ប្រជាជនអ៊ីស្រអែល ដែលយើងបានជ្រើសរើសអើយ ឥឡូវនេះ ចូរស្ដាប់យើង! 2 អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ! 3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួតហែង យើងនឹងចាក់បង្ហូររសរបស់យើង ទៅលើពូជពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។ 4 កូនចៅរបស់អ្នកនឹងចំរើនឡើង ដូចស្មៅត្រូវទឹកភ្លៀង និងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។ 5 ពេលនោះ ម្នាក់ពោលថា ខ្ញុំជាកូនចៅរបស់អុលឡោះតាអាឡា ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកកូប ម្នាក់ទៀតចារលើបាតដៃថា “ខ្ញុំជូនខ្លួនទៅអុលឡោះតាអាឡា” ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអ៊ីស្រអែល។ 6 អុលឡោះតាអាឡាជាស្តេចរបស់ ជនជាតិអ៊ីស្រអែល គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានម្ចាស់ណាទៀតឡើយ។ 7 តើមានម្ចាស់ណាដូចយើង? ឲ្យម្ចាស់នោះបង្ហាញខ្លួន ហើយនិយាយមក! គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន តាំងពីអស់កល្បរៀងមក ព្រមទាំងរៀបរាប់អំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។ 8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានម្ចាស់ណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។ អ្នកបង្កើតរូបបដិមា 9 អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។ 10 អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះ ពិតជាមនុស្សល្ងីល្ងើមែន! 11 រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។ 12 ជាងដែកយកលោហធាតុមកដុត ដំនឹងញញួរធ្វើជារូប។ អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង បើគេមិនផឹកទឹក គេមុខជានឿយហត់។ 13 ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាក់មកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ 14 គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។ 15 មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កំដៅផ្ទះ និងចំអិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ 16 គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចំអែតក្រពះ ហើយក៏ប្រើសម្រាប់កំដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។ 17 រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងសូមអង្វរថា “សូមរំដោះខ្ញុំផង! ដ្បិតអ្នកជាព្រះរបស់ខ្ញុំ!”។ 18 អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។ 19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណារួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។ 20 គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។ អុលឡោះតែមួយគត់ ជាម្ចាស់ និងជាអ្នកសង្គ្រោះមនុស្សលោក 21 អ៊ីស្រអែលដែលជាកូនចៅយ៉ាកកូបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! 22 យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។ 23 ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។ អុលឡោះតាអាឡាបានតែងតាំងស្ដេចស៊ីរូស 24 អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ 25 យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។ 26 យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។ 27 យើងបង្គាប់មហាសាគរឲ្យរីងស្ងួត ហើយធ្វើឲ្យទន្លេរីង។ 28 យើងនិយាយអំពីស្តេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងម៉ាស្ជិទឡើងវិញ”។ |
© 2014 United Bible Societies, UK.
United Bible Societies