ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:38 - អាល់គីតាប

នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស​ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នៅ​ក្នុង​ជំនាន់​មនុស្ស​ផិត​ក្បត់ ហើយ​មាន​បាប​នេះ កូន​មនុស្ស​ក៏​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ពេល​លោក​យាង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា​របស់​លោក ជា​មួយ​ពួក​ទេវតា​បរិសុទ្ធ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​ព្រះ‌ជាម្ចាស់ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ព្រះអង្គ និង​ទេវតា*​ដ៏វិសុទ្ធ ព្រះអង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះវរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ។

សូមមើលជំពូក



ម៉ាកុស 8:38
44 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ទ្រង់ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​ចំពោះ​ទ្រង់។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ នឹង​មក ហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ទ្រង់ ក៏​មក​ជា​មួយ​ដែរ។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង។ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ អុលឡោះ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ។


បុត្រា​មនុស្ស​នឹង​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់​ឲ្យ​មក។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​យក​ចេញ​ពី​នគរ​អុលឡោះ


លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រា​មនុស្ស​មក​គ្រង​នគរ»។


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


ពេល​នោះ ទី​សំគាល់​របស់​បុត្រា​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ដ៏​អស្ចារ្យ។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


ពេល​នោះ គេ​នឹង​ឃើញ បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុង‌រឿង។


អ៊ីសា​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។


តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?


ស្តេច​បាន​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្ដិច‌បន្ដួច​ក៏​មិន​សល់​ផង។


បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រា​មនុស្ស​មក ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់ ព្រម​ទាំង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​របស់​ម៉ាឡា‌អ៊ីកាត់​ដ៏‌បិរសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


អ៊ីសា​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ ផ្ទៃ​មេឃ បើក​ចំហ ហើយ​មាន​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ចុះ​ឡើង​នៅ​ពី​លើ​បុត្រា​មនុស្ស»។


បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?


ហើយ​អុលឡោះ​ជា​បិតា​ក៏​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​គាត់​ជា​បុត្រា​មនុស្ស។


គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍​»។


ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្ដិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​នាម​អ៊ីសា។


ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ​អ្វីៗ​ក្នុង​ពិភព​លោក​លែង​មាន​ទាក់​ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់​ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ។


«អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


បង​ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្ដិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់​នៅ​ពេល​គាត់​មក។ ក្រៅ​ពី​បង​ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។


សូម​គាត់​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​អុលឡោះ ជា​បិតា​របស់​យើង ក្នុង​ពេល​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​មក ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់​របស់​គាត់!


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


សូម​អ៊ីសា‌ជាអម្ចាស់​សំដែង​ចិត្ត​មេត្ដា‌ករុណា ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។


ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា‌ជាអម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គាត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ ដោយ​ពឹង​ផ្អែក​លើ​អំណាច​របស់​អុលឡោះ។


តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។


គាត់​យល់​ឃើញ​ថា គាត់​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​អាល់ម៉ា‌ហ្សៀស ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​គាត់​ជាប់​ចិត្ដ​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។


ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​គាត់ ទាំង​ស៊ូ​ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​គាត់​ដែរ


មនុស្ស​ក្បត់​ចិត្ដ​អើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​អុលឡោះ​? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ​!


អ្នក​ណា​មិន​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា អ្នក​នោះ​ក៏​គ្មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា ទើប​មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ។


ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។


អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។