ម៉ាកុស 8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះយេស៊ូប្រទាននំប៉័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ (ម៉ាថាយ ១៥.៣២-៣៩ ) 1 នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក មានព្រះបន្ទូលថា៖ 2 «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ 3 ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ 4 ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ 5 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ 6 ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំប៉័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស*ចែកបណ្ដាជន។ 7 គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ 8 គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ 9 នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។ 10 ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា ។ ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ (ម៉ាថាយ ១៦.១-៤ ) 11 ពួកខាងគណៈផារីស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ 12 ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។ 13 បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ (ម៉ាថាយ ១៦.៥-១២ ) 14 ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ក្នុងទូកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះ។ 15 ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ 16 ពួកសិស្ស*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំប៉័ងទេដឹង!»។ 17 ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស? 18 អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ? 19 កាលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ 20 «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។ ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ 22 ព្រះយេស៊ូ និងពួកសិស្ស*ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។ 23 ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?» 24 បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ 25 ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ 26 ព្រះយេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ លោកពេត្រុសប្រកាសថា ព្រះយេស៊ូជាព្រះគ្រិស្ត (ម៉ាថាយ ១៦.១៣-២០ លូកា ៩.១៨-២១ ) 27 ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីពជាមួយពួកសិស្ស*។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ 28 ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ 29 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត»។ 30 ព្រះយេស៊ូហាមប្រាមសិស្ស*មិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ 31 បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រមនុស្ស*ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកអាចារ្យ*នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ 32 ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។ 33 ព្រះយេស៊ូងាកទតទៅពួកសិស្ស*ឯទៀតៗ ហើយព្រះអង្គមានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ 34 បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និងសិស្សរួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ 35 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ* នឹងបានជីវិតវិញ។ 36 បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី? 37 តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? 38 នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និងទេវតា*ដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies