នេហេមា 8:9 - អាល់គីតាប ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯលោកនេហេមាដែលជាទេសាភិបាល និងសង្ឃអែសរ៉ាដែលជាស្មៀន ព្រមទាំងពួកលេវីដែលបង្រៀនប្រជាជន ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា មិនត្រូវកាន់ទុក្ខ ឬយំសោកឡើយ»។ ដ្បិតប្រជាជនទាំងឡាយយំ ពេលគេឮពាក្យក្នុងក្រឹត្យវិន័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ |
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ក្នុងអំឡុងពេលដ៏យូរលង់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ពិតប្រាកដ គ្មានអ៊ីមុាំសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានហ៊ូកុំដែរ។
ហេសាគាមានប្រសាសន៍លើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើអុលឡោះតាអាឡា។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេធ្វើជាគូរបានមេត្រីភាព ហើយលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រអែល និងយូដា ពីសេចក្តីទាំងប៉ុន្មាន ក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើង មិនបានកាន់តាមបន្ទូលរបស់អុលឡោះតាអាឡា ដើម្បីប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះទេ»។
ស្តេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកជូនអុលឡោះតាអាឡា ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជន នៅស្រុកអ៊ីស្រអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ស្តេចស្រុកអ៊ីស្រអែលបានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះចូរបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ទៅ។
លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរីម និងធូមីមជាមុនសិន។
ស្តេចអើថាស៊ើកសេសប្រគល់សារមួយជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ គាត់មាននាទីចម្លងបទបញ្ជា និងបន្ទូលរបស់អុលឡោះនិងហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកអ៊ីស្រអែល។ សារនោះមានសេចក្ដីដូចតទៅ៖
នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ: លោកនេហេមាជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលា ជាចៅរបស់លោកសេដេគា
អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយអ៊ីមុាំអែសរ៉ាធ្វើជាបណ្ឌិតខាងហ៊ូកុំ។
ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរឹម និងធូមីម ជាមុនសិន។
មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានជូនប្រាក់ សម្រាប់ការសង់ម៉ាស្ជិទ។ លោកអភិបាលបានជូនមាសមួយពាន់តម្លឹង សម្រាប់ម៉ាស្ជិទ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់អ៊ីមុាំចំនួនប្រាំរយសាមសិបសម្រាប់។
អ៊ីមុាំអែសរ៉ាក៏យកហ៊ូកុំមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាអ៊ីមុាំបម្រើយើងទៀតដែរ។ ដោយអ្នកបានបំភ្លេចហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំលឹក និងស្រែកជ័យឃោសន៍ដោយជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។
អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ព្រោះទ្រង់លែងរវីរវល់នឹងជំនូន របស់អ្នករាល់គ្នា ទ្រង់មិនពេញចិត្តនឹងអ្វីៗដែល អ្នករាល់គ្នាយកមកជូនទេ។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
ត្រូវបរិភោគនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា ទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
ត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមទ្រង់។
នៅពេលខ្ញុំកាន់ទុក្ខ ខ្ញុំពុំបានបរិភោគជំនូនមួយភាគដប់នេះទេ។ ខ្ញុំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ខ្ញុំបានធ្វើតាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ខ្ញុំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកខ្ញុំ។
ចូរទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។