Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 26 - អាល់គីតាប


ជំនូន​ផល​ដំបូង

1 «ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ

2 ចូរ​យក​ផល​ដំបូង​នៃ​ភោគ​ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។

3 អ្នក​ត្រូវ​ទៅ​ជួប​អ៊ីមុាំ​ដែល​បំពេញ​មុខ​ងារ​នៅ​គ្រា​នោះ ជម្រាប​គាត់​ដូច​តទៅ: “ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ថា ខ្ញុំ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ទ្រង់​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង​ថា ប្រគល់​ឲ្យ​យើង​ខ្ញុំ​នេះ​ហើយ”។

4 អ៊ីមុាំ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

5 ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វ‌បុរស​របស់​ខ្ញុំ​ជា​ពនេចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។

6 ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់​សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ។

7 យើង​ខ្ញុំ​ក៏​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ អុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ទ្រង់​មើល​ឃើញ​គេ​សង្កត់​សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។

8 អុលឡោះ‌តាអាឡា​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ ទ្រង់​សំដែង​មហិទ្ធិ‌ប្ញទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ។

9 ទ្រង់​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។

10 ហេតុ​នេះ អុលឡោះ‌តាអាឡាអើយ ខ្ញុំ​សូម​នាំ​យក​ផល​ដំបូង​ពី​ដី​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ”។ ត្រូវ​តម្កល់​ជំនូន​នោះ​នៅ​ចំពោះ​មុខអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

11 បន្ទាប់​មក ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ភោគ​ផល​ទាំង​ប៉ុន្មាន មក​ឲ្យ​អ្នក និង​គ្រួសារ​របស់​អ្នក»។


ជំនូន​មួយ​ភាគ​ដប់

12 «នៅ​ឆ្នាំ​ទី​បី ជា​ឆ្នាំ​ដែល​ត្រូវ​ជូន​ជំនូន​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​ជំនូន​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេ​ម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។

13 ពេល​នោះ​អ្នក​ត្រូវ​ជម្រាបអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ថា: “អ្វីៗ​ដែល​ខ្ញុំ​ញែក​ជូន​ទ្រង់ ខ្ញុំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ខ្ញុំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស​ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ ស្រប​តាម​បទ​បញ្ជា​ទាំង​អស់ ដែល​ទ្រង់​បង្គាប់​មក​ខ្ញុំ គឺ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ​បញ្ជា​ណា​មួយ​របស់​អុលឡោះ​ឡើយ។

14 នៅ​ពេល​ខ្ញុំ​កាន់​ទុក្ខ ខ្ញុំ​ពុំ​បាន​បរិភោគ​ជំនូន​មួយ​ភាគ​ដប់​នេះ​ទេ។ ខ្ញុំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ខ្ញុំ​បាន​ធ្វើ​តាម​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក​ខ្ញុំ។

15 អុលឡោះ‌តាអាឡា​អើយ! សូម​មើល​ពី​សូរ៉កា ជា​ដំណាក់​ដ៏​វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។


អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់ អុលឡោះ‌តាអាឡា

16 «ថ្ងៃ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។

17 ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ គោរព​ហ៊ូកុំ បទ​បញ្ជា​ទាំង​ឡាយ​របស់​ទ្រង់ ព្រម​ទាំង​ស្តាប់​បង្គាប់​ទ្រង់​ទៀត​ផង។

18 ថ្ងៃ​នេះអុលឡោះ‌តាអាឡា​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​អុលឡោះ​មាន​បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ។

19 អុលឡោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុង‌រឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏​វិសុទ្ធ​សម្រាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដូច​ទ្រង់​មាន​បន្ទូល​ទុក»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម