Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 23 - អាល់គីតាប


ពិធី​បុណ្យ​ផ្សេងៗ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ ពិធី​បុណ្យ​ដ៏​សំខាន់ៗ​របស់​យើង​មាន​ដូច​ត​ទៅ:

3 អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក់​របស់អុលឡោះ‌តាអាឡា។

4 បុណ្យ​ដ៏​សំខាន់ៗ​របស់អុលឡោះ‌តាអាឡា ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំ​ទ្រង់ មាន​ដូច​ត​ទៅ:

5 នៅ​ខែ​ទី​មួយជា​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។

6 នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំ​បុ័ង​ឥត​មេ​ជូនអុលឡោះ‌តាអាឡា។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

7 នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា កុំ​ធ្វើ​ការ​អ្វី​នឿយ​ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។

8 អ្នក​រាល់​គ្នា​ត្រូវ​យក​គូរបាន​ដុត​មក​ជូនអុលឡោះ‌តាអាឡា ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃទី​ប្រាំ‌ពីរ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖

10 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្តាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​អ៊ីមុាំ។

11 នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក អ៊ីមុាំ​ត្រូវ​លើក​កណ្តាប់​ស្រូវ​នេះ​ជូនអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​ទ្រង់​ពេញ​ចិត្ត​ទទួល​យក​ពី​អ្នក​រាល់​គ្នា។

12 នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្តាប់​ស្រូវ​ជូនអុលឡោះ‌តាអាឡា ត្រូវ​ជូន​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា

13 ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា​លាយ​ជា​មួយ​ប្រេង មក​ជូន​ជា​មួយ​កូន​ចៀម​នោះ​ជា​គូរបាន​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ ចូរ​យក​ស្រា​ទំពំាង​បាយ​ជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ជូន សម្រាប់​ពិធី​ច្រូច​ទឹក​ដែរ។

14 អ្នក​រាល់​គ្នា​អាច​បរិភោគ​នំ​បុ័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា នាំ​យក​ជំនូន​មក​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

15 ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្តាប់​ស្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។

16 អ្នក​រាល់​គ្នា​ត្រូវ​គិត​ហា‌សិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ទី​ប្រាំ‌ពីរ ថ្ងៃ​នោះ ត្រូវ​យក​ជំនូន​ពី​ស្រូវ​ថ្មី​មក​ជូនអុលឡោះ‌តាអាឡា។

17 អ្នក​រាល់​គ្នា​ត្រូវ​យក​នំ​បុ័ង​ពីរ​ដុំ ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ជូនអុលឡោះ‌តាអាឡា។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា ដុត​ជា​មួយ​មេ​នំបុ័ង សម្រាប់​ធ្វើ​ជា​នំបុ័ង​ដំបូង​បង្អស់ ជូនអុលឡោះ‌តាអាឡា។

18 អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ‌ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំបុ័ង​នេះ ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ព្រម​ទាំង​យក​ម្សៅ និង​ទឹក​ទំពំាង​បាយ​ជូរ​សម្រាប់​ពិធី​ច្រូច​ទឹក មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

19 អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពពែ​ឈ្មោល​មួយ ជា​គូរបាន​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​គូរបាន​មេត្រី​ភាព។

20 អ៊ីមុាំ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំបុ័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ​ជូនអុលឡោះ‌តាអាឡា។ ជំនូន​ទាំង​នោះ​ត្រូវ​ជូន​ជា​ជំនូន​ដ៏​សក្ការៈ​ដល់អុលឡោះ‌តាអាឡា ហើយ​ប្រគល់​ជូន​អ៊ីមុាំ។

21 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

22 ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​គួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក»។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

24 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក និង​ស្រែក​ជ័យ​ឃោសន៍​ដោយ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

25 អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ តែ​ត្រូវ​ធ្វើ​គូរបាន​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា»។

26 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា

27 «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ ត្រូវ​តម​អាហារ ហើយ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។

28 នៅ​ថ្ងៃនោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃបុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

29 អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

30 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

31 អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

32 ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​ឈប់​សម្រាក ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​ឈប់​សម្រាក ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។

33 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

34 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​ជំរ​សម្រាប់​លើក​តម្កើងអុលឡោះ‌តាអាឡា ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

35 នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

36 អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ហើយ​ធ្វើ​គូរបាន​ដុត​ជូន​ទ្រង់។ ថ្ងៃ​នោះ ជា​ថ្ងៃ​បង្ហើយ​បុណ្យ​ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។

37 នេះ​ជា​បុណ្យ​សំខាន់ៗ​របស់អុលឡោះ‌តាអាឡា ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំ​ទ្រង់ ដើម្បី​ជូន​ជំនូន​ដល់អុលឡោះ‌តាអាឡា គឺ​មាន​គូរបាន​ដុត ជំនូន​ម្សៅ​គូរបាន​មេត្រី​ភាព និង​ពិធី​ច្រូច​ទឹក។ ត្រូវ​ជូន​ជំនូន​នីមួយៗ តាម​ថ្ងៃ​កំណត់។

38 ក្រៅ​ពី​ធ្វើ​បុណ្យ​ថ្ងៃ​សម្រាក​របស់អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ជូន​ជំនូន​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​ជំនូន​ផ្សេងៗ ជំនូន​លា​បំណន់ និង​ជំនូន​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ជូន​ដល់អុលឡោះ‌តាអាឡា។

39 នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ​ផល​នៅ​ក្នុង​ស្រុក ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ជូនអុលឡោះ‌តាអាឡា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។

40 នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ​ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

41 រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជូនអុលឡោះ‌តាអាឡា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់ រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែទី​ប្រាំ‌ពីរ។

42 អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​ជំរំ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ត្រូវ​រស់​នៅ​ក្នុង​ជំរំ​នោះ

43 ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​ជំរំ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។

44 ម៉ូសា​រៀប​រាប់​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើងអុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម