នេហេមា 8 - អាល់គីតាបលោកអែសរ៉ាអានហ៊ូកុំ 1 លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។ 2 អ៊ីមុាំអែសរ៉ាក៏យកហ៊ូកុំមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំពីរ។ 3 តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគីតាបហ៊ូកុំនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់គាត់អានហ៊ូកុំ។ 4 លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់គាត់ ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការីយ៉ា និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់គាត់។ 5 លោកអែសរ៉ាបើកគីតាប ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតគាត់ឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគីតាបបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ 6 លោកអែសរ៉ាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់ដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ីន! អាម៉ីន!» រួចក្រាបថ្វាយបង្គំអុលឡោះតាអាឡា អោនមុខដល់ដី។ 7 លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយហ៊ូកុំពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ 8 ពួកគេអានគីតាបហ៊ូកុំរបស់អុលឡោះយ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។ 9 ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ 10 លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡាជាម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីអុលឡោះតាអាឡា ជាកម្លាំងរបស់អ្នករាល់គ្នា»។ 11 ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ 12 ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់បន្ទូលរបស់អុលឡោះដែលគេបកស្រាយឲ្យស្ដាប់។ ពិធីប្រារព្ធបុណ្យជំរ 13 នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីបន្ទូលដែលមានចែងទុកក្នុងហ៊ូកុំ។ 14 ពួកគេឃើញក្នុងហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកតាមរយៈម៉ូសាមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រអែលត្រូវរស់នៅក្នុងជំរ។ 15 ពួកគេត្រូវប្រាប់ដំណឹងនេះឲ្យប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់ជំរំដូចមានចែងទុក”។ 16 ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់ជំរំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់ជំរំ នៅទីធ្លាដំណាក់របស់អុលឡោះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។ 17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ 18 រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយបុណ្យ គេអានបន្ទូលនៅក្នុងគីតាបហ៊ូកុំរបស់អុលឡោះជាម្ចាស់។ គេប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីគេធ្វើបុណ្យយ៉ាងឱឡារិក ស្របតាមវិន័យដែលមានចែងទុក។ |
© 2014 United Bible Societies, UK.
United Bible Societies