Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាឡាគី 2 - អាល់គីតាប


បន្ទូល​របស់​អុលឡោះ​ព្រមាន​ពួក​អ៊ីមុាំ

1 «ពួក​អ៊ីមុាំ​អើយ ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:

2 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ លើក​តម្កើង​សិរី‌រុង‌រឿង​នាម​របស់​យើង​ទេ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា​មែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​របស់​យើង​ទេ។

3 យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា យើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នា គឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើ គូរបាន​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។ គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ ជា​មួយ​លាមក​សត្វ​នោះ​ដែរ។

4 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

5 សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ គឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​ដល់​គេ ហើយ​ឲ្យ​គេ​គោរព​កោត​ខ្លាច​នាម​យើង និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។

6 គេ​បង្រៀន​ហ៊ូកុំ​ដ៏​ត្រឹម​ត្រូវ ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។ គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត និង​ដោយ​ទៀង​ត្រង់ ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។

7 ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

8 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

9 ដូច្នេះ យើង​នឹង​ឲ្យ​ប្រជា‌ជន​ទាំង​មូល ប្រមាថ​មាក់‌ងាយ បន្តុះ‌បង្អាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​បង្រៀន​ហ៊ូកុំ​ដល់​ប្រជា‌ជន ដោយ​រើស​មុខ»។


ការ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី តាម​របៀប​ពីរ​យ៉ាង

10 ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​អុលឡោះ​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?

11 ជន‌ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ ស្រុក​អ៊ីស្រ‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។ យូដា​បាន​ប្រមាថ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​ទ្រង់​ស្រឡាញ់ គឺ​ពួក​គេ​រៀប‌ការ​ជា​មួយ​ស្ត្រី ដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។

12 សូមអុលឡោះ‌តាអាឡា​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​យ៉ាកកូប ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ជូន​ជំនូន​ដល់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។

13 អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ទ្រង់​លែង​រវី‌រវល់​នឹង​ជំនូន របស់​អ្នក​រាល់​គ្នា ទ្រង់​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ជូន​ទេ។

14 អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀប‌ការ ដោយ​យកអុលឡោះ‌តាអាឡា​ធ្វើ​សាក្សី។ នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។

15 តើ​អុលឡោះ​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ទ្រង់​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។

16 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា ទ្រង់​មិន​ពេញ​ចិត្ត នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។


ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស​ជិត​មក​ដល់​ហើយ

17 អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ទ្រង់​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ម្ចាស់​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម