២ របាក្សត្រ 30 - អាល់គីតាបស្តេចហេសេគាកោះហៅប្រជាជនមកធ្វើពិធីបុណ្យរំលងនៅក្រុងយេរូសាឡឹម 1 ស្តេចហេសេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល និងស្រុកយូដា គាត់ក៏សរសេរលិខិតផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ 2 ស្តេច និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យរំលងនៅខែទីពីរ។ 3 គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមអ៊ីមុាំពុំទាន់បានញែកខ្លួនឲ្យបានបរិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំទាន់មកជួបជុំគ្នា នៅក្រុងយេរូសាឡឹមនៅឡើយដែរ។ 4 ស្តេច និងអង្គប្រជុំទាំងមូលបានចុះសំរុងគ្នាបែបនេះ 5 ហើយសម្រេចចេញសេចក្តីប្រកាសមួយ ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់ពីបៀរសេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជាជនមកក្រុងយេរូសាឡឹម ប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ 6 ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រអែល និងស្រុកយូដាទាំងមូល នាំសេចក្តីប្រកាសដែលចុះហត្ថលេខាដោយស្តេច និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្តេចដូចតទៅ៖ «កូនចៅអ៊ីស្រអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល ដើម្បីឲ្យទ្រង់វិលមករកអ្នករាល់គ្នាវិញដែរ។ 7 មិនត្រូវធ្វើដូចដូនតា ឬបងប្អូនរបស់អ្នករាល់គ្នា ដែលបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួននោះឡើយ។ ទ្រង់ធ្វើឲ្យពួកគេវិនាសអន្តរាយ ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ 8 ឥឡូវនេះកុំតាំងចិត្តរឹងរូស ដូចដូនតារបស់អ្នករាល់គ្នាឡើយ តែត្រូវចុះចូលនឹងអុលឡោះតាអាឡា ហើយនាំគ្នាមកទីសក្ការៈ ដែលទ្រង់បានញែកជាបរិសុទ្ធរហូតតទៅ។ ចូរគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដើម្បីឲ្យទ្រង់លែងខឹងនឹងអ្នករាល់គ្នាទៀត។ 9 ប្រសិនបើអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញ បងប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តែងតែប្រណីសន្តោស ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកទ្រង់វិញនោះ ទ្រង់នឹងមិនបែរមុខចេញពីអ្នករាល់គ្នាឡើយ»។ 10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ 11 ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ 12 នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ ស្តេចហេសេគាប្រារព្ធពិធីបុណ្យរំលងជាមួយជនជាតិអ៊ីស្រអែលទាំងមូល 13 ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ នៅខែទីពីរ។ ពេលនោះអង្គប្រជុំមានចំនួនច្រើនកុះករ។ 14 ពួកគេផ្តើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំងឡាយនៅក្រុងយេរូសាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។ 15 បន្ទាប់មកពួកគេសម្លាប់សត្វ ដែលត្រូវធ្វើជាគូរបាន សម្រាប់ពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមអ៊ីមុាំ និងក្រុមលេវីនឹកខ្មាសខ្លួនក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ រួចធ្វើគូរបានដុត នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ 16 ពួកគេបំពេញមុខងារតាមកន្លែងរៀងៗខ្លួន ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើរបស់អុលឡោះ។ ក្រុមអ៊ីមុាំទទួលឈាមសត្វពីក្រុមលេវី យកទៅប្រោះលើអាសនៈ។ 17 នៅក្នុងអង្គប្រជុំ ដោយមានមនុស្សជាច្រើនពុំទាន់ធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធនៅឡើយ ក្រុមលេវីក៏សម្លាប់សត្វសម្រាប់ពិធីបុណ្យរំលង ជំនួសអស់អ្នកដែលមិនបរិសុទ្ធ ដើម្បីញែកពួកគេជូនអុលឡោះតាអាឡា 18 ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យរំលង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះស្តេចហេសេគាទូរអាអង្វរឲ្យពួកគេថា៖ 19 «ឱអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំអើយ ទ្រង់ប្រកបដោយចិត្តសប្បុរស សូមលើកលែងទោសឲ្យអស់អ្នកដែលស្វែងរកទ្រង់ ដោយស្មោះអស់ពីចិត្តនេះផង ទោះបីពួកគេពុំបានញែកខ្លួនជាបរិសុទ្ធជូនទ្រង់នៅឡើយក៏ដោយ»។ 20 អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វររបស់ស្តេចហេសេគា ទ្រង់មិនធ្វើទោសប្រជាជនឡើយ។ 21 ជនជាតិអ៊ីស្រអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមអ៊ីមុាំ សរសើរតម្កើងអុលឡោះតាអាឡា ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងជូនទ្រង់។ 22 ហេសាគាមានប្រសាសន៍លើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើអុលឡោះតាអាឡា។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេធ្វើជាគូរបានមេត្រីភាព ហើយលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។ 23 អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នា ប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ 24 ដ្បិតស្តេចហេសេគា ជាស្តេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ អ៊ីមុាំមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។ 25 អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។ 26 នៅក្រុងយេរូសាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ស្តេចស្រុកអ៊ីស្រអែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូសាឡឹមទេ។ 27 ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូរអាអង្វររបស់ពួកគេ លាន់ឮឡើង រហូតដល់ដំណាក់ដ៏វិសុទ្ធរបស់អុលឡោះនៅសូរ៉កា ហើយទ្រង់ស្តាប់ពាក្យរបស់ពួកគេ។ |
© 2014 United Bible Societies, UK.
United Bible Societies