វិវរណៈ 7:16 - ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ហើយព្រះអាទិត្យ ឬកម្ដៅណាមួយ ក៏មិនធ្វើទុក្ខពួកគេទៀតដែរ Khmer Christian Bible ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ក៏មិនត្រូវថ្ងៃចាំង ឬត្រូវកម្ដៅណាទៀតដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនឃ្លាន ក៏មិនស្រេកទៀតឡើយ ព្រះអាទិត្យមិនជះកម្ដៅលើគេ ក៏គ្មានចំហាយក្ដៅណាទៀតដែរ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ អាល់គីតាប ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ |
នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះចន្ទក៏មិនធ្វើទុក្ខអ្នកដែរ។
ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ ដូចជាដីហួតហែង។ សេឡា
ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះ គឺព្រះដ៏មានព្រះជន្មរស់។ តើពេលណាទូលបង្គំទៅជួបព្រះភក្ត្ររបស់ព្រះបាន?
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ជាការពិត ព្រះអង្គបានជាបន្ទាយដល់អ្នកក្រខ្សត់ ជាបន្ទាយដល់មនុស្សខ្វះខាតក្នុងទុក្ខវេទនារបស់គេ ជាជម្រកពីព្យុះ ជាម្លប់ពីកម្ដៅ ដ្បិតដង្ហើមរបស់មនុស្សកាចសាហាវ ដូចជាព្យុះបក់បោកជញ្ជាំង។
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ពួកគេនឹងមិនឃ្លាន ក៏មិនស្រេកដែរ រីឯកម្ដៅ និងព្រះអាទិត្យនឹងមិនធ្វើទុក្ខពួកគេឡើយ ដ្បិតព្រះដែលអាណិតមេត្តាពួកគេ នឹងដឹកនាំពួកគេ ព្រះអង្គនឹងនាំផ្លូវពួកគេដល់ប្រភពទឹក។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ កាលណាមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល អ្នកនោះក៏ជំពប់ដួលភ្លាម។
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនគេទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ លុះដល់ពេលមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល ពួកគេក៏ជំពប់ដួលភ្លាម។
ព្រះអង្គទ្រង់ចម្អែតមនុស្សស្រេកឃ្លានដោយសេចក្ដីល្អ ហើយបណ្ដេញអ្នកមានឲ្យទៅដោយដៃទទេ។
មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។ មានពរហើយ អ្នកដែលយំសោកនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
កាលណាថ្ងៃរះឡើងទាំងមានចំហាយក្ដៅ វាក៏ធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់នៃរូបរាងវាក៏បាត់បង់ទៅ។ អ្នកមានក៏ដូច្នោះដែរ គេនឹងរលាយបាត់ក្នុងដំណើររបស់ខ្លួន។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។