ទំនុកតម្កើង 143 - ព្រះគម្ពីរខ្មែរសាកលសុំព្រះឲ្យសង្គ្រោះ និងដឹកនាំ បទតម្កើងរបស់ដាវីឌ។ 1 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌នឹងពាក្យអង្វរកររបស់ទូលបង្គំផង! សូមឆ្លើយមកទូលបង្គំ ស្របតាមសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! 2 សូមកុំនាំបាវបម្រើរបស់ព្រះអង្គទៅក្នុងការជំនុំជម្រះឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់សុចរិតឡើយ។ 3 សត្រូវតាមបៀតបៀនព្រលឹងរបស់ទូលបង្គំ គេបានជាន់ឈ្លីជីវិតរបស់ទូលបង្គំដល់ដី គេបានធ្វើឲ្យទូលបង្គំរស់នៅក្នុងទីងងឹត ដូចជាមនុស្សដែលស្លាប់ជាយូរមកហើយ។ 4 ដោយហេតុនេះ វិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ ចិត្តរបស់ទូលបង្គំតក់ស្លុតនៅក្នុងទូលបង្គំ។ 5 ទូលបង្គំនឹកចាំអំពីសម័យបុរាណ ទូលបង្គំជញ្ជឹងគិតអំពីកិច្ចការទាំងអស់របស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះអង្គ។ 6 ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ ដូចជាដីហួតហែង។ សេឡា 7 ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ 8 សូមឲ្យទូលបង្គំបានឮសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹកផង ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ; សូមឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរផង ដ្បិតទូលបង្គំបានលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គហើយ។ 9 ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ! 10 សូមបង្រៀនទូលបង្គំឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ; សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ នាំផ្លូវទូលបង្គំទៅទឹកដីរាបស្មើផង។ 11 ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំផង សូមនាំព្រលឹងរបស់ទូលបង្គំចេញពីទុក្ខវេទនា ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ 12 ដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមបំផ្លាញជីវិតពួកសត្រូវរបស់ទូលបង្គំ ហើយកម្ទេចអស់ទាំងបច្ចាមិត្តនៃព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ!៕ |