រ៉ូម 3:20 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។ Khmer Christian Bible ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។ អាល់គីតាប ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។ |
សូមកុំនាំបាវបម្រើរបស់ព្រះអង្គទៅក្នុងការជំនុំជម្រះឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់សុចរិតឡើយ។
ដ្បិតមិនមែនអ្នកស្ដាប់ក្រឹត្យវិន័យទេ ដែលសុចរិតនៅចំពោះព្រះ គឺអ្នកធ្វើតាមក្រឹត្យវិន័យវិញ ដែលនឹងត្រូវបានរាប់ជាសុចរិត។
ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
ពោលគឺ បាបមាននៅក្នុងពិភពលោកមុនក្រឹត្យវិន័យរួចទៅហើយ ប៉ុន្តែកាលគ្មានក្រឹត្យវិន័យនៅឡើយ បាបមិនត្រូវបានរាប់ជាបាបទេ។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
តាមពិត បាបបានឆ្លៀតឱកាសបោកបញ្ឆោតខ្ញុំតាមរយៈបទបញ្ជា ព្រមទាំងសម្លាប់ខ្ញុំតាមរយៈបទបញ្ជានោះ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនបានដេញតាមដោយជំនឿទេ គឺដេញតាម ហាក់ដូចជាដោយការប្រព្រឹត្តទៅវិញ។ ពួកគេបានជំពប់ដួលនឹង “ថ្មនៃការជំពប់”
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ជាការពិត ខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យដោយសារតែក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងព្រះវិញ។ ខ្ញុំត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទហើយ
អ្នករាល់គ្នាដែលត្រូវបានរាប់ជាសុចរិតដោយសារតែក្រឹត្យវិន័យ បានបែកចេញពីព្រះគ្រីស្ទ ហើយធ្លាក់ចេញពីព្រះគុណហើយ។
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។