Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 13 - ព្រះគម្ពីរខ្មែរសាកល


ត្រៀមខ្លួនសម្រាប់បេសកកម្ម

1 ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។

2 ខណៈដែល​ពួកគេ​កំពុង​បម្រើ​ព្រះអម្ចាស់ ទាំង​តមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​៖ “ចូរ​ញែក​បារណាបាស និង​សូល​ឲ្យ​យើង សម្រាប់​ការងារ​ដែល​យើង​បាន​ហៅ​ពួកគេ​ឲ្យធ្វើ”។

3 ដូច្នេះ ក្រោយពី​តមអាហារ អធិស្ឋាន និង​ដាក់​ដៃ​លើ​បារណាបាសនិងសូល ពួកគេ​ក៏​ចាត់​អ្នកទាំងពីរ​ឲ្យទៅ។


ការផ្សព្វផ្សាយនៅស៊ីពរ៍

4 ដូច្នេះ អ្នកទាំងពីរ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាត់ឲ្យទៅ ក៏​ចុះទៅ​សេលើស៊ា ហើយ​ចុះសំពៅ​ចេញ​ពីទីនោះ​ទៅ​ស៊ីពរ៍

5 លុះ​ទៅដល់​សាឡាមីច ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅតាម​សាលាប្រជុំ​របស់​ជនជាតិយូដា​។ ពួកគេ​មាន​យ៉ូហាន​ម៉ាកុស​ជា​អ្នកជួយ​ដែរ​។

6 នៅពេល​ដើរចុះឡើង​លើ​កោះ​ទាំងមូល​រហូតដល់​ប៉ាផុស​ហើយ ពួកគេ​ក៏​ប្រទះ​នឹង​ជនជាតិយូដា​ម្នាក់​ឈ្មោះ​បារយេស៊ូវ ដែលជា​គ្រូធ្មប់ និងជា​ព្យាការីក្លែងក្លាយ​។

7 គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។

8 ប៉ុន្តែ​អេលីម៉ាស​ដែលជា​គ្រូធ្មប់​នោះ (​ដ្បិត​ឈ្មោះ​អេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់​) បាន​ប្រឆាំង​នឹង​ពួកគេ ដោយ​ព្យាយាម​បង្វែរ​អភិបាល​ចេញពី​ជំនឿ​។

9 ពេលនោះ សូល​ដែល​គេ​ហៅថា​ប៉ូល បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​សម្លឹងមើល​ទៅ​អេលីម៉ាស

10 និយាយថា​៖ “‍ឱ មនុស្ស​ដែល​ពេញ​ដោយ​ឧបាយកល និង​សេចក្ដីអាក្រក់​គ្រប់យ៉ាង ជា​កូន​មារ និង​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​អើយ! តើ​ឯង​មិន​ព្រម​ឈប់​បង្វែរ​មាគ៌ា​ដ៏ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​?

11 ឥឡូវនេះ មើល៍! ព្រះហស្ត​របស់​ព្រះអម្ចាស់​បាន​ទាស់នឹង​ឯង​ហើយ ឯង​នឹង​ទៅជា​ខ្វាក់ភ្នែក មើលមិនឃើញ​ពន្លឺថ្ងៃ​មួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និង​ភាពងងឹត​បាន​គ្របដណ្ដប់​គាត់ ហើយ​គាត់​ក៏​ដើរទៅដើរមក ទាំង​រក​អ្នកដឹកដៃ​។

12 នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។


ការផ្សព្វផ្សាយនៅអាន់ទីយ៉ូកក្នុងពីស៊ីឌា

13 ប៉ូល និង​អ្នករួមដំណើរ​បាន​ចុះសំពៅ​ចេញពី​ប៉ាផុស ហើយ​ទៅដល់​ពើកា​ក្នុង​ប៉ាមភីលា​។ ពេលនោះ យ៉ូហាន​ម៉ាកុស​បាន​ចាកចេញ​ពី​ពួកគេ​ត្រឡប់ទៅ​យេរូសាឡិម​វិញ​។

14 រីឯ​ពួកគេ​បន្តដំណើរ​ពី​ពើកា ហើយ​ទៅដល់​អាន់ទីយ៉ូក​ក្នុង​ពីស៊ីឌា រួច​នៅ​ថ្ងៃសប្ប័ទ ពួកគេ​ក៏​ចូលទៅ​អង្គុយ​ក្នុង​សាលាប្រជុំ​។

15 បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”។

16 ប៉ូល​ក៏​ក្រោកឡើង​ធ្វើសញ្ញា​ដោយ​ដៃ ហើយ​និយាយថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល និង​អស់លោក​ដែល​កោតខ្លាច​ព្រះ​អើយ សូម​ស្ដាប់​ចុះ​!

17 ព្រះ​នៃ​ជនជាតិ​អ៊ីស្រាអែល​នេះ បាន​ជ្រើសរើស​ដូនតា​របស់យើង ហើយ​ព្រះអង្គ​បាន​លើកតម្កើង​ជនជាតិ​នេះ កាល​ដែល​ពួកគេ​រស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​អេហ្ស៊ីប រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុកនោះ​ដោយ​ព្រះហស្ត​ដ៏មានអំណាច​។

18 នៅ​ទីរហោស្ថាន ព្រះអង្គ​បាន​ទ្រាំ​នឹង​ពួកគេ​រយៈពេល​ប្រមាណជា​សែសិបឆ្នាំ​។

19 ក្រោយពី​បំផ្លាញ​ប្រជាជាតិ​ទាំង​ប្រាំពីរ​នៅ​ដែនដី​កាណាន ព្រះអង្គ​បាន​ប្រទាន​ទឹកដី​នោះ​ដល់​ពួកគេ​ជាមរតក​។

20 ការទាំងនេះបានកើតឡើងក្នុងរយៈពេល​ប្រមាណជា​បួនរយហាសិប​ឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់ពួកគេ រហូតដល់​គ្រា​ព្យាការី​សាំយូអែល​។

21 បន្ទាប់មក ពួកគេ​ទាមទារ​ចង់បាន​ស្ដេច ដូច្នេះ​ព្រះ​បាន​ប្រទាន​សូល​កូន​របស់​គីស បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដល់​ពួកគេ ឲ្យធ្វើជាស្ដេច​អស់រយៈពេល​សែសិប​ឆ្នាំ​។

22 ក្រោយមក ព្រះ​បាន​ដក​សូល​ចេញ ហើយ​លើក​ដាវីឌ​ឡើង​ជា​ស្ដេច​សម្រាប់​ពួកគេ ព្រមទាំង​ធ្វើបន្ទាល់​អំពី​ដាវីឌ​ថា​: ‘យើង​បាន​រកឃើញ​ដាវីឌ​កូន​របស់​អ៊ីសាយជា​ម្នាក់​ដែល​ស្របនឹង​ចិត្ត​របស់យើង គាត់​នឹង​ប្រព្រឹត្តតាម​បំណង​ទាំងអស់​របស់យើង’។

23 “គឺ​ពី​ពូជពង្ស​ដាវីឌនេះឯង ដែល​ព្រះ​បាន​ប្រទាន​ព្រះសង្គ្រោះ​គឺ​ព្រះយេស៊ូវ​ដល់​អ៊ីស្រាអែល ស្របតាម​សេចក្ដីសន្យា​។

24 មុន​ការយាងមក​របស់​ព្រះយេស៊ូវ យ៉ូហាន​បាន​ប្រកាសទុកមុន​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​។

25 នៅពេល​យ៉ូហាន​ជិត​បញ្ចប់​ដំណើរជីវិត គាត់​និយាយថា​: ‘តើ​អ្នករាល់គ្នា​គិតថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិនមែន​ជា​ព្រះអង្គនោះ​ទេ​។ មើល៍! មាន​ម្នាក់​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​ពី​ជើង​របស់លោក​ផង’។

26 “បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។

27 ជាការពិត ពួក​អ្នក​ដែល​រស់នៅ​យេរូសាឡិម និង​ពួក​មេគ្រប់គ្រង​របស់​ពួកគេ មិនស្គាល់​ព្រះអង្គនេះ​ទេ ហើយក៏​មិនយល់​ពាក្យ​របស់​បណ្ដា​ព្យាការី​ដែល​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ​ដែរ ពួកគេ​បាន​បំពេញ​សេចក្ដីទាំងនោះ​ឲ្យសម្រេច​ដោយ​កាត់ទោស​ព្រះអង្គ​។

28 ទោះបីជា​រកមិនឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក៏ដោយ ក៏​ពួកគេ​បាន​ទាមទារ​ពីឡាត់​ឲ្យ​ធ្វើគុត​ព្រះអង្គ​។

29 កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។

30 ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!

31 ព្រះយេស៊ូវ​បាន​លេចមក​អស់រយៈពេល​ជាច្រើន​ថ្ងៃ ដល់​ពួក​អ្នក​ដែល​ឡើង​ពី​កាលីឡេ​មក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​; ឥឡូវនេះ អ្នកទាំងនោះ​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​ប្រជាជន

32 ដូច្នេះ​យើង​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​ដែល​ត្រូវបាន​សន្យា​ដល់​ដូនតា​របស់យើង

33 គឺថា​ព្រះ​បាន​បំពេញ​សេចក្ដីសន្យានេះ​ឲ្យសម្រេច​ដល់​យើង​ដែលជា​កូនចៅ​របស់​ពួកគាត់ ដោយ​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ទំនុកតម្កើង​ទីពីរ​ដែរ​ថា​: ‘អ្នក​ជា​កូន​របស់យើង ថ្ងៃនេះ យើង​បាន​បង្កើត​អ្នក’។

34 ចំពោះការដែល​ព្រះ​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដើម្បីកុំឲ្យ​ត្រឡប់ទៅ​ការរលួយ​វិញ​នោះ ព្រះ​ក៏​មានបន្ទូល​ដូច្នេះ​ថា​:‘យើង​នឹង​ឲ្យ​ពរដ៏វិសុទ្ធ និង​ពិតប្រាកដ​របស់​ដាវីឌ​ដល់​អ្នករាល់គ្នា’។

35 ដូច្នេះ ព្រះ​បាន​មានបន្ទូល​នៅក្នុង​ទំនុកតម្កើង​មួយទៀត​ដែរ​ថា​:‘ព្រះអង្គ​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ឡើយ’។

36 ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ

37 ក៏​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​នោះ មិន​បាន​ជួប​ការរលួយ​ឡើយ។

38 ដូច្នេះ បងប្អូន​អើយ សូម​ឲ្យ​បងប្អូន​ដឹងច្បាស់​ថា ការលើកលែងទោស​បាប​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះអង្គនេះ​។ ចំពោះ​ការ​ទាំងអស់​ដែល​អ្នករាល់គ្នា​មិនអាច​ត្រូវ​រាប់ជាសុចរិត​បាន​តាមរយៈ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ

39 អស់អ្នក​ដែល​ជឿ​នឹង​ត្រូវបាន​រាប់ជាសុចរិត​តាមរយៈ​ព្រះអង្គនេះ​ឯង​។

40 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​សេចក្ដី​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​បាន​កើតមានដល់​អ្នករាល់គ្នា ដែលថា​:

41 ‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


ប៉ូល និងបារណាបាសនៅអាន់ទីយ៉ូក

42 នៅពេល​ប៉ូល និងបារណាបាស​កំពុង​ចេញ​ពី​សាលាប្រជុំ ប្រជាជន​បាន​អង្វរ​ឲ្យ​និយាយ​សេចក្ដី​ទាំងនេះ​ដល់​ពួកគេ នៅ​ថ្ងៃសប្ប័ទ​ខាងមុខទៀត​។

43 បន្ទាប់ពី​ការប្រជុំ​ចប់​ហើយ មាន​ជនជាតិយូដា​ជាច្រើន និង​អ្នកចូលសាសនាយូដា​ដែល​គោរពកោតខ្លាចព្រះ បាន​ទៅតាម​ប៉ូល និង​បារណាបាស​។ អ្នកទាំងពីរ​ក៏​សន្ទនា​ជាមួយ​ពួកគេ ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​នៅជាប់ក្នុង​ព្រះគុណ​របស់​ព្រះ។

44 លុះដល់​ថ្ងៃសប្ប័ទ​បន្ទាប់ អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​បាន​ជួបជុំគ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​។

45 ប៉ុន្តែ​នៅពេល​ពួកយូដា​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ពួកគេ​ក៏​ពេញ​ដោយ​ការឈ្នានីស ហើយ​ចាប់ផ្ដើម​និយាយប្រឆាំង​នឹង​សេចក្ដី​ដែល​ប៉ូល​កំពុង​និយាយ ទាំង​ជេរប្រមាថ​ផង​។

46 ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ

47 ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ដូច្នេះ​ថា​: ‘យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍ដទៃ ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី’ ”។

48 នៅពេល​ឮ​ដូច្នេះ ពួក​សាសន៍ដទៃ​ក៏​អរសប្បាយ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​អស់អ្នកដែល​ត្រូវបាន​កំណត់​ឲ្យ​ទទួល​ជីវិតអស់កល្បជានិច្ច ក៏​បាន​ជឿ​។

49 ដូច្នេះ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ទៅក្នុង​ស្រុក​នោះ​ទាំងមូល​។

50 ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។

51 អ្នកទាំងពីរ​ក៏​រលាស់​ធូលី​ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​ធ្វើដំណើរ​ទៅ​អ៊ីកូនាម​។

52 រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ និង​ព្រះវិញ្ញាណដ៏វិសុទ្ធ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម