ម៉ាថាយ 5:10 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលត្រូវគេបៀតបៀនដោយសារតែសេចក្ដីសុចរិត ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។ Khmer Christian Bible មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះតែសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត* អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យ នៃស្ថានបរមសុខ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ អាល់គីតាប អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិ អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងនគរនៃអុលឡោះ! |
ពួកអ្នកដែលញាប់ញ័រចំពោះព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ! ព្រះអង្គមានបន្ទូលថា៖ “បងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នករាល់គ្នា ជាអ្នកដែលកាត់អ្នករាល់គ្នាចេញដោយព្រោះនាមរបស់យើង ពួកគេបាននិយាយថា: ‘សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងសិរីរុងរឿង ដើម្បីឲ្យពួកយើងបានឃើញអំណររបស់ពួកឯងផង!’ ប៉ុន្តែពួកគេនឹងអាម៉ាស់មុខវិញ”។
កាលណាគេបៀតបៀនអ្នករាល់គ្នានៅទីក្រុងនេះ ចូររត់គេចទៅទីក្រុងមួយទៀត។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាដើរមិនទាន់សព្វទីក្រុងនានានៃអ៊ីស្រាអែលឡើយ រហូតដល់កូនមនុស្សបានមកវិញ។
ព្រះយេស៊ូវក៏មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់មនុស្សបែបនេះ”។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។
ហើយមិនទទួលបានមួយជាមួយរយឥឡូវនេះ គឺផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និងស្រែចម្ការ ជាមួយនឹងការបៀតបៀននៅលោកបច្ចុប្បន្ន ហើយមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ។
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
ហើយខ្ញុំក៏នឹងប្រគល់អាណាចក្រឲ្យអ្នករាល់គ្នា ដូចដែលព្រះបិតារបស់ខ្ញុំបានប្រគល់មកខ្ញុំដែរ
ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។
ពួកគេបានហៅពួកសាវ័កមក រួចវាយ ហើយបង្គាប់មិនឲ្យនិយាយក្នុងព្រះនាមរបស់ព្រះយេស៊ូវឡើយ រួចក៏ដោះលែងទៅ។
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។
ហើយមិនតក់ស្លុតក្នុងការអ្វីមួយពីអ្នកប្រឆាំងឡើយ។ នេះជាសញ្ញានៃការវិនាសដល់ពួកគេ រីឯដល់អ្នករាល់គ្នាវិញ ជាសេចក្ដីសង្គ្រោះ ហើយការនេះបានចេញពីព្រះ។
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។