ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 36 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 36

ការឈ្លានពានរបស់សានហេរីប

1 នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។

2 ស្ដេច​អាស្ស៊ីរី​ក៏​ចាត់​រ៉ាបសាកេ​ពី​ឡាគីស​ឲ្យទៅ​យេរូសាឡិម គឺ​ទៅ​ឯ​ព្រះបាទ​ហេសេគា ជាមួយ​កងទ័ព​ដ៏ធំ​។ គាត់​ក៏​ឈរ​នៅត្រង់​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់​។

3 ពេលនោះ អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ចេញទៅ​ជួប​គាត់​។

4 រ៉ាបសាកេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ប្រាប់​ហេសេគា​ថា​: ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ទំនុកចិត្ត​ដែល​អ្នក​ទុកចិត្ត​នេះ តើ​ជា​អ្វី​?

5 យើង​គិតថា យុទ្ធសាស្រ្ត និង​កម្លាំង​ខាង​យោធា​របស់អ្នក​គ្រាន់តែ​ជា​សម្ដីទទេ​ប៉ុណ្ណោះ​។ ឥឡូវនេះ តើ​អ្នក​ទុកចិត្ត​លើ​អ្នកណា បានជា​អ្នក​បះបោរ​នឹង​យើង​ដូច្នេះ​?’។

6 មើល៍! អ្នក​ទុកចិត្ត​លើ​អេហ្ស៊ីប គឺ​ទុកចិត្ត​លើ​ឈើច្រត់​ដើមត្រែង​កំបាក់​នោះ ដែល​អ្នកណា​ផ្អែក​លើ​វា វា​នឹង​មុត​ដៃ​អ្នកនោះ ហើយ​ចាក់ទម្លុះ​ដៃគេ​វិញ​។ ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប​គឺ​យ៉ាងនោះ​ឯង ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​។

7 ប្រហែលជា​អ្នក​និយាយ​មក​យើង​ថា​: ‘ពួកយើង​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ពួកយើង’។ ចុះ​មិនមែន​ជា​ព្រះនេះ​ទេ​ឬ ដែល​ហេសេគា​បាន​បំបាត់​ទីខ្ពស់ និង​អាសនា​របស់ព្រះអង្គ​ចេញ ហើយ​ប្រាប់​យូដា និង​យេរូសាឡិម​ថា​: ‘អ្នករាល់គ្នា​ត្រូវតែ​ថ្វាយបង្គំ​នៅមុខ​អាសនា​មួយ​នេះ’?

8 “ឥឡូវនេះ ចូរ​ភ្នាល់គ្នា​ជាមួយ​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់យើង​ចុះ​! យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ក្បាល​ដល់​អ្នក ប្រសិនបើ​អ្នក​អាច​ដាក់​អ្នក​ជិះ​របស់​អ្នក​លើ​ពួកវា​បាន​។

9 ចុះ​អ្នក​អាច​បង្វែរ​មុខ​របស់​មេទ័ព​តូច​មួយ​ក្នុង​ពួក​រាជបម្រើ​របស់​ចៅហ្វាយ​យើង​យ៉ាងដូចម្ដេច​បាន ដោយ​ទុកចិត្ត​លើ​អេហ្ស៊ីប​ដើម្បី​បាន​រទេះចម្បាំង និង​ពលសេះ​ដូច្នេះ​?

10 ឥឡូវនេះ តើ​យើង​ឡើងមក​ទាស់នឹង​ទឹកដី​នេះ​ដើម្បី​បំផ្លាញ​វា ដោយ​គ្មាន​ព្រះយេហូវ៉ា​ឬ​? គឺ​ព្រះយេហូវ៉ា​ទេ ដែល​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ឡើងទៅ​ទាស់នឹង​ទឹកដី​នេះ ហើយ​បំផ្លាញ​វា​ចុះ​!’”។

11 អេលាគីម សេបណា និង​យ៉ូអា ក៏​និយាយ​នឹង​រ៉ាបសាកេ​ថា​៖ “សូម​មានប្រសាសន៍​នឹង​ពួក​បាវបម្រើ​របស់លោក​ជា​ភាសាអើរ៉ាម​វិញ ពីព្រោះ​យើងខ្ញុំ​ស្ដាប់បាន​។ សូម​កុំ​មានប្រសាសន៍​នឹង​យើងខ្ញុំ​ជា​ភាសាយូដា ដាក់​ត្រចៀក​របស់​ប្រជាជន​ដែល​នៅលើ​កំពែង​ឡើយ”។

12 ប៉ុន្តែ​រ៉ាបសាកេ​តបថា​៖ “តើ​ចៅហ្វាយ​របស់យើង​បាន​ចាត់​យើង​ឲ្យមក ដើម្បី​និយាយ​ពាក្យ​ទាំងនេះ​ដល់​ចៅហ្វាយ​របស់អ្នក និង​ដល់​អ្នក​ឬ​? តើ​មិនមែន​ដល់​ពួក​មនុស្ស​ដែល​អង្គុយ​លើ​កំពែង ដែល​នឹង​ស៊ី​លាមក​របស់ខ្លួន ហើយ​ផឹក​ទឹកនោម​របស់ខ្លួន ជាមួយ​ពួកអ្នក​ទេ​ឬ​?”។

13 រួច​រ៉ាបសាកេ​ក៏​ឈរឡើង ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ជា​ភាសាយូដា​ថា​៖ “ចូរ​ស្ដាប់​ព្រះរាជឱង្ការ​របស់​ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​!

14 ស្ដេច​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘កុំឲ្យ​ហេសេគា​បញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​វា​មិនអាច​រំដោះ​អ្នករាល់គ្នា​បានទេ​។

15 កុំឲ្យ​ហេសេគា​នាំឲ្យ​អ្នករាល់គ្នា​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង​ជាមិនខាន ទីក្រុង​នេះ​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ’។

16 “កុំ​ស្ដាប់តាម​ហេសេគា​ឡើយ ដ្បិត​ស្ដេច​អាស្ស៊ីរី​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ចូរ​បង្កើត​សន្តិភាព​ជាមួយ​យើង ហើយ​ចេញមក​ឯ​យើង​ចុះ នោះ​ម្នាក់ៗ​នឹង​បាន​ហូប​ពី​ដើមទំពាំងបាយជូរ និង​ដើមល្វា​របស់ខ្លួន ហើយ​ផឹក​ទឹក​ពី​អាងទឹក​របស់ខ្លួន

17 រហូតដល់​យើង​បាន​មក ហើយ​នាំ​អ្នករាល់គ្នា​ទៅ​ទឹកដី​មួយ ដូច​ទឹកដី​របស់អ្នករាល់គ្នា​នេះ ជា​ទឹកដី​ដែល​មាន​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី ជា​ទឹកដី​ដែល​មាន​នំប៉័ង និង​ចម្ការទំពាំងបាយជូរ​ផង​។

18 កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?

19 តើ​បណ្ដា​ព្រះ​របស់​ហាម៉ាថ និង​អើផាឌ​នៅ​ឯណា​? តើ​បណ្ដា​ព្រះ​របស់​សេផាវែម​នៅ​ឯណា​? តើ​ព្រះទាំងនោះ​បាន​រំដោះ​សាម៉ារី​ពី​កណ្ដាប់ដៃ​របស់យើង​ឬ​?

20 ក្នុងចំណោម​ព្រះ​ទាំងអស់​នៃ​ទឹកដី​ទាំងនោះ តើ​មួយណា​ដែល​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់យើង បានជា​ព្រះយេហូវ៉ា​នឹង​រំដោះ​យេរូសាឡិម​ពី​កណ្ដាប់ដៃ​របស់យើង​ដែរ​?’”។

21 ប៉ុន្តែ​ប្រជាជន​នៅស្ងៀម មិន​តប​នឹង​គាត់​មួយ​ម៉ាត់​សោះ ពីព្រោះ​ស្ដេច​បាន​បង្គាប់​ថា​៖ “កុំ​តប​នឹង​គាត់​ឡើយ”។

22 រីឯ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ត្រឡប់មក​គាល់​ហេសេគា​វិញ ទាំង​សម្លៀកបំពាក់​រហែក ហើយ​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative