គោលបំណងនៃសុភាសិត1 សុភាសិតរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ និងជាស្ដេចនៃអ៊ីស្រាអែល: 2 ដើម្បីឲ្យស្គាល់ប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅ ដើម្បីឲ្យយល់ច្បាស់នូវពាក្យនៃការយល់ដឹង 3 ដើម្បីឲ្យទទួលការប្រៀនប្រដៅឲ្យចេះដឹងសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ 4 និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។ 5 ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ 6 ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។ 7 ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។ ចៀសវាងពីផ្លូវរបស់មនុស្សអាក្រក់8 កូនរបស់ខ្ញុំអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ! 9 ដ្បិតវាជាភួងផ្កាដ៏សមសួនលើក្បាលអ្នក និងជាខ្សែកនៅកអ្នក។ 10 កូនរបស់ខ្ញុំអើយ ប្រសិនបើមនុស្សបាបល្បួងអ្នក កុំព្រមឲ្យសោះ។ 11 ប្រសិនបើពួកគេនិយាយថា៖ “ចូរមកជាមួយយើងចុះ មក៍! យើងនាំគ្នាសម្ងំចាំបង្ហូរឈាមគេ ហើយពួនស្ទាក់មនុស្សឥតទោសដោយគ្មានមូលហេតុ! 12 យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ 13 យើងនឹងរកឃើញទ្រព្យសម្បត្តិដ៏មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញផ្ទះរបស់យើងដោយជ័យភណ្ឌផង។ 14 ចូរដាក់ចំណែករបស់អ្នករួមជាមួយយើងចុះ យើងទាំងអស់គ្នានឹងមានថង់ប្រាក់តែមួយ!” 15 កូនរបស់ខ្ញុំអើយ កុំដើរជាមួយពួកគេក្នុងផ្លូវនោះឡើយ ចូរឃាត់ឃាំងជើងអ្នកពីគន្លងរបស់ពួកគេ 16 ដ្បិតជើងពួកគេរត់ទៅរកការអាក្រក់ ហើយពួកគេរហ័សនឹងបង្ហូរឈាម។ 17 ជាការពិត ដែលរាយសំណាញ់នៅមុខភ្នែកសត្វស្លាបណាមួយ ជាការឥតប្រយោជន៍ទេ។ 18 តាមពិត ពួកគេសម្ងំចាំបង្ហូរឈាមខ្លួនឯង ហើយពួនស្ទាក់ព្រលឹងរបស់ខ្លួនឯងវិញទេ។ 19 ផ្លូវរបស់អស់អ្នកដែលលោភចង់បានកម្រៃទុច្ចរិត គឺដូច្នេះឯង វាដកយកព្រលឹងរបស់ម្ចាស់វាទៅ។ ពាក្យស្រែកហៅរបស់ប្រាជ្ញា20 ប្រាជ្ញាស្រែកយ៉ាងខ្លាំងនៅតាមផ្លូវ ហើយបន្លឺសំឡេងរបស់នាងនៅកន្លែងសាធារណៈ។ 21 នាងស្រែកហៅនៅដើមផ្លូវអ៊ូអែ ទាំងថ្លែងពាក្យពេចន៍នៅមាត់ច្រកខ្លោងទ្វារទីក្រុងថា៖ 22 “ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា? 23 ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ! 24 ដោយសារខ្ញុំបានស្រែកហៅ ប៉ុន្តែអ្នករាល់គ្នាបដិសេធ ខ្ញុំបានលាតដៃរបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់ 25 ដោយសារអ្នករាល់គ្នាធ្វើព្រងើយនឹងអស់ទាំងដំបូន្មានរបស់ខ្ញុំ ហើយមិនព្រមទទួលពាក្យស្ដីប្រដៅរបស់ខ្ញុំ 26 ដូច្នេះ ខ្ញុំនឹងសើចដែរ ចំពោះសេចក្ដីអន្តរាយរបស់អ្នករាល់គ្នា ខ្ញុំនឹងសើចចំអកនៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ 27 នៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ដូចព្យុះ ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមកដល់ដូចខ្យល់កួច គឺនៅពេលទុក្ខវេទនា និងទុក្ខព្រួយធ្លាក់មកលើអ្នករាល់គ្នា។ 28 ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។ 29 នេះគឺដោយសារពួកគេបានស្អប់ចំណេះដឹង ហើយមិនបានជ្រើសរើសការកោតខ្លាចព្រះយេហូវ៉ា 30 ក៏មិនព្រមទទួលដំបូន្មានរបស់ខ្ញុំ ហើយបានមើលងាយអស់ទាំងពាក្យស្ដីប្រដៅរបស់ខ្ញុំដែរ 31 ដូច្នេះ ពួកគេនឹងស៊ីផលផ្លែពីផ្លូវរបស់ខ្លួន ហើយបានឆ្អែតដោយឧបាយកលរបស់ខ្លួន។ 32 ជាការពិត ការបកក្រោយរបស់មនុស្សខ្វះចំណេះដឹងនឹងធ្វើឲ្យខ្លួនគេស្លាប់ ហើយសេចក្ដីសុខស្រួលរបស់មនុស្សល្ងង់នឹងបំផ្លាញខ្លួនគេ; 33 រីឯអ្នកដែលស្ដាប់តាមខ្ញុំ នឹងរស់នៅដោយសុខដុមរមនា ហើយនៅសុខសាន្តឥតភ័យខ្លាចមហន្តរាយឡើយ”៕ |