ស្ត្រីៗដែលបម្រើព្រះយេស៊ូវ1 ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុង និងភូមិនានា ទាំងប្រកាស និងផ្សាយដំណឹងល្អនៃអាណាចក្ររបស់ព្រះ។ សាវ័កទាំងដប់ពីរនាក់នៅជាមួយព្រះអង្គ 2 ហើយមានស្ត្រីមួយចំនួនដែលធ្លាប់ត្រូវបានប្រោសឲ្យជាពីវិញ្ញាណអាក្រក់ និងជំងឺផ្សេងៗក៏នៅជាមួយដែរ គឺម៉ារាហៅថាអ្នកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង 3 យ៉ូអាន់ណាប្រពន្ធរបស់ឃូសាដែលជាចៅហ្វាវាំងរបស់ហេរ៉ូឌ និងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតជាច្រើនដែលបម្រើព្រះយេស៊ូវ និងពួកសិស្សដោយធនធានរបស់ខ្លួន។ ពាក្យឧបមាអំពីអ្នកសាបព្រោះ4 ពេលនោះ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នា ហើយមានមនុស្សពីទីក្រុងនានាមករកព្រះយេស៊ូវ ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ 5 “មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះគ្រាប់ពូជរបស់ខ្លួន។ នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ត្រូវគេដើរជាន់ ហើយបក្សាបក្សីនៅលើអាកាសក៏មកស៊ីអស់។ 6 គ្រាប់ពូជខ្លះទៀតធ្លាក់លើថ្ម ពេលដុះឡើង វាក៏ក្រៀមស្វិតទៅ ដោយសារគ្មានសំណើម។ 7 គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងកណ្ដាលគុម្ពបន្លា មែកបន្លាក៏លូតលាស់ជាមួយ ហើយរួបរឹតវា។ 8 រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ពេលដុះឡើង វាក៏បង្កើតផលមួយជាមួយរយ”។ នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ស្រែកឡើងថា៖“អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។ ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា9 បន្ទាប់មក ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គអំពីអត្ថន័យរបស់ពាក្យឧបមានេះ។ 10 ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។ ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ11 “ពាក្យឧបមានេះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះ។ 12 គ្រាប់ពូជដែលនៅក្បែរផ្លូវ គឺអ្នកដែលបានឮ រួចមារក៏មកឆក់យកព្រះបន្ទូលពីចិត្តរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ ហើយបានសង្គ្រោះឡើយ។ 13 គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។ 14 គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា គឺអ្នកដែលបានឮ ប៉ុន្តែក្នុងដំណើរជីវិតពួកគេត្រូវបានរួបរឹតដោយកង្វល់ ទ្រព្យសម្បត្តិ និងការសប្បាយនៃការរស់នៅ ដូច្នេះពួកគេមិនបង្កើតផលពេញលក្ខណៈឡើយ។ 15 គ្រាប់ពូជដែលនៅក្នុងដីល្អ គឺអ្នកដែលនៅពេលឮព្រះបន្ទូលដោយចិត្តល្អទៀងត្រង់ ក៏កាន់ខ្ជាប់នូវព្រះបន្ទូលនោះ ព្រមទាំងបង្កើតផលដោយការស៊ូទ្រាំ។ ពាក្យឧបមាអំពីចង្កៀង16 “គ្មានអ្នកណាអុជចង្កៀង ហើយគ្របនឹងភាជនៈ ឬដាក់ក្រោមគ្រែឡើយ គឺគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកឃើញពន្លឺនោះ។ 17 ដ្បិតគ្មានការសម្ងាត់អ្វីដែលមិនត្រូវបានសម្ដែងឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនត្រូវបានដឹង និងមិនត្រូវបានលាតត្រដាងដែរ។ 18 ដូច្នេះ ចូរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ចុះ ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។ សាច់ញាតិដ៏ពិត19 បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមករកព្រះអង្គ ប៉ុន្តែពួកគេមិនអាចចូលទៅជិតព្រះអង្គបានទេ ដោយសារតែហ្វូងមនុស្ស។ 20 មានគេទូលព្រះអង្គថា៖ “ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក”។ 21 ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ គឺអ្នកទាំងនេះដែលស្ដាប់ព្រះបន្ទូលរបស់ព្រះ ហើយប្រព្រឹត្តតាម”។ ខ្យល់ និងរលកស្ដាប់បង្គាប់22 នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវយាងចុះទូកជាមួយពួកសិស្ស ហើយមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាងបឹង”។ ពួកគេក៏ចេញទូកទៅ។ 23 ខណៈដែលពួកគេកំពុងធ្វើដំណើរតាមទូក ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏លិចចូលពេញទូក ហើយពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់។ 24 ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “លោកគ្រូ! លោកគ្រូ! យើងខ្ញុំកំពុងវិនាសហើយ!”។ ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ និងរលក។ ពេលនោះ ខ្យល់ និងរលកក៏ឈប់ ហើយមានភាពស្ងប់ស្ងាត់។ 25 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“តើជំនឿរបស់អ្នករាល់គ្នានៅឯណា?”។ ពួកគេក៏ភ្ញាក់ផ្អើលទាំងភ័យខ្លាច ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? លោកបញ្ជាសូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្ដាប់បង្គាប់លោកដែរ!”។ ដេញអារក្សនៅគេរ៉ាស៊ីន26 ព្រះយេស៊ូវ និងពួកសិស្សជិះទូកមកដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន ដែលនៅទល់មុខកាលីឡេ។ 27 នៅពេលព្រះយេស៊ូវយាងឡើងលើគោក មានបុរសម្នាក់ពីទីក្រុងនោះដែលមានអារក្សចូលបានមកជួបព្រះអង្គ។ ជាយូរណាស់មកហើយ បុរសនោះមិនបានស្លៀកសម្លៀកបំពាក់ ហើយមិនបានរស់នៅក្នុងផ្ទះទេ គឺរស់នៅតាមរូងផ្នូរវិញ។ 28 នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។ 29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ កន្លងមក អារក្សបានធ្វើទុក្ខគាត់ជាច្រើនលើក ទោះបីជាគាត់ត្រូវគេដាក់ច្រវាក់ និងខ្នោះ ហើយត្រូវគេយាមក៏ដោយ ក៏ប៉ុន្តែគាត់បានផ្ដាច់ចំណងទាំងនោះចេញ ហើយត្រូវអារក្សបណ្ដេញទៅទីរហោស្ថាន។ 30 ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើអ្នកឈ្មោះអ្វី?”។ គាត់ទូលឆ្លើយថា៖ “កងទ័ព” ដ្បិតមានអារក្សជាច្រើនបានចូលក្នុងគាត់។ 31 អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ កុំឲ្យព្រះអង្គបញ្ជាពួកវាឲ្យទៅក្នុងរណ្ដៅគ្មានបាតឡើយ។ 32 នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។ អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ ឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូវក៏អនុញ្ញាតឲ្យពួកវា។ 33 ពួកអារក្សក៏ចេញពីបុរសនោះ ហើយចូលក្នុងជ្រូកទាំងនោះ។ ពេលនោះ ហ្វូងជ្រូកបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់អស់ទៅ។ 34 នៅពេលឃើញការដែលបានកើតឡើង ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយទៅប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។ 35 គេក៏នាំគ្នាចេញមកមើលអ្វីដែលបានកើតឡើង។ ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សបានចេញនោះ កំពុងអង្គុយនៅទៀបព្រះបាទាព្រះយេស៊ូវ ដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។ 36 ពួកអ្នកដែលឃើញក៏ប្រាប់ពួកគេអំពីរបៀបដែលបុរសអារក្សចូលនោះត្រូវបានប្រោសឲ្យជា។ 37 ប្រជាជនទាំងអស់នៅតំបន់ជុំវិញគេរ៉ាស៊ីន ក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីពួកគេ ពីព្រោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងកើតមានដល់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅវិញ។ 38 បុរសដែលអារក្សបានចេញនោះ ទូលអង្វរព្រះយេស៊ូវឲ្យគាត់បាននៅជាមួយព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ឲ្យគាត់ទៅវិញ ដោយមានបន្ទូលថា៖ 39 “ចូរត្រឡប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់ថាព្រះបានធ្វើយ៉ាងណាដល់អ្នក”។ គាត់ក៏ចេញទៅ ហើយប្រកាសនៅទីក្រុងទាំងមូលថាព្រះយេស៊ូវបានធ្វើយ៉ាងណាដល់គាត់។ ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា40 នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ ហ្វូងមនុស្សក៏ទទួលស្វាគមន៍ព្រះអង្គ ដ្បិតពួកគេទាំងអស់គ្នាកំពុងរង់ចាំព្រះអង្គ។ 41 ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់ 42 ពីព្រោះគាត់មានកូនស្រីតែមួយអាយុប្រមាណដប់ពីរឆ្នាំ នាងជិតស្លាប់ហើយ។ ខណៈដែលព្រះយេស៊ូវកំពុងយាងទៅ មានហ្វូងមនុស្សប្រជ្រៀតព្រះអង្គ។ 43 មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។ 44 នាងបានចូលមកជិតពីខាងក្រោយ ហើយពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គ។ រំពេចនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់។ 45 ព្រះយេស៊ូវមានបន្ទូលថា៖“នរណាពាល់ខ្ញុំ?”។ នៅពេលទាំងអស់គ្នាបដិសេធ ពេត្រុសក៏ទូលថា៖ “លោកគ្រូ មនុស្សជាច្រើនកំពុងចោមរោម ហើយប្រជ្រៀតលោក!”។ 46 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“មានអ្នកណាម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាបានចេញពីខ្ញុំ”។ 47 ស្ត្រីនោះឃើញថាលាក់មិនជិត ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខប្រជាជនទាំងអស់អំពីហេតុផលដែលនាងបានពាល់ព្រះអង្គ និងរបៀបដែលនាងត្រូវបានប្រោសឲ្យជាក្នុងមួយរំពេច។ 48 ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។ 49 ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី”។ 50 ប៉ុន្តែព្រះយេស៊ូវបានឮដូច្នេះ ក៏មានបន្ទូលនឹងយ៉ៃរ៉ុសថា៖“កុំខ្លាចឡើយ! ចូរគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជាសះស្បើយ”។ 51 នៅពេលមកដល់ផ្ទះនោះ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ូហាន យ៉ាកុប និងឪពុកម្ដាយរបស់កូននោះប៉ុណ្ណោះ។ 52 រីឯគេទាំងអស់គ្នាក៏យំសោកគក់ទ្រូងដោយសារតែក្មេងនោះ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំយំឡើយ! ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ 53 ពួកគេក៏សើចចំអកដាក់ព្រះអង្គ ដោយដឹងថានាងបានស្លាប់ហើយ។ 54 ប៉ុន្តែព្រះអង្គបានកាន់ដៃនាង ហើយស្រែកឡើងថា៖“កូនអើយ ចូរក្រោកឡើង!”។ 55 វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូវទ្រង់បង្គាប់ឲ្យគេឲ្យអាហារនាងហូប។ 56 ឪពុកម្ដាយរបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែព្រះយេស៊ូវទ្រង់បង្គាប់ពួកគេមិនឲ្យប្រាប់អ្នកណាអំពីការដែលបានកើតឡើងនោះឡើយ៕ |