សិស្សដំបូង1 កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។ 2 ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង រីឯពួកអ្នកនេសាទបានចុះពីទូកទាំងនោះទៅលាងអួនហើយ។ 3 ដូច្នេះ ព្រះអង្គក៏យាងចុះទូកមួយដែលជាទូករបស់ស៊ីម៉ូន ហើយសុំគាត់ឲ្យចេញទូកពីច្រាំងបន្តិច។ រួចព្រះអង្គក៏គង់ចុះ បង្រៀនហ្វូងមនុស្សពីក្នុងទូកនោះ។ 4 នៅពេលបង្រៀនចប់ហើយ ព្រះអង្គក៏មានបន្ទូលនឹងស៊ីម៉ូនថា៖“ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ”។ 5 ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។ 6 នៅពេលធ្វើដូច្នេះ ពួកគេក៏ចាប់បានត្រីដ៏ច្រើនសន្ធឹក ហើយអួនរបស់ពួកគេស្ទើរតែនឹងធ្លាយ។ 7 ពួកគេធ្វើសញ្ញាទៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ គេក៏មក ហើយដាក់ត្រីពេញទូកទាំងពីរ រហូតដល់ទូកទាំងនោះស្ទើរតែនឹងលិច។ 8 នៅពេលឃើញដូច្នេះ ស៊ីម៉ូនពេត្រុសក៏ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ទូលថា៖ “ព្រះអម្ចាស់អើយ សូមយាងចេញពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សបាប!”។ 9 ដ្បិតគាត់ និងអស់អ្នកដែលនៅជាមួយគាត់ភ្ញាក់ផ្អើលនឹងត្រីដែលចាប់បាន។ 10 យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ដែលជាដៃគូរបស់ស៊ីម៉ូន ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូនថា៖“កុំខ្លាចឡើយ! ចាប់ពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ”។ 11 ពួកគេក៏ចតទូកនៅមាត់ច្រាំង ហើយទុកអ្វីៗទាំងអស់ចោល រួចទៅតាមព្រះអង្គ។ មនុស្សឃ្លង់បានបរិសុទ្ធ12 កាលមួយ ពេលព្រះយេស៊ូវគង់នៅទីក្រុងមួយ មើល៍! មានបុរសម្នាក់កើតឃ្លង់ពេញខ្លួននៅទីនោះ។ គាត់ឃើញព្រះយេស៊ូវ ក៏ក្រាបមុខដល់ដី ទូលអង្វរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។ 13 ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។ ភ្លាមនោះ ជំងឺឃ្លង់ក៏ចាកចេញពីបុរសនោះ។ 14 ព្រះយេស៊ូវទ្រង់បង្គាប់គាត់ថា៖“កុំប្រាប់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។ 15 ប៉ុន្តែដំណឹងអំពីព្រះអង្គបានឮសុសសាយកាន់តែខ្លាំងឡើង។ មានហ្វូងមនុស្សជាច្រើនមកផ្ដុំគ្នា ដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីជំងឺរបស់ពួកគេ។ 16 រីឯព្រះអង្គតែងតែបណ្ដោះខ្លួនទៅទីរហោស្ថាន ហើយអធិស្ឋាន។ ប្រោសមនុស្សស្លាប់មួយចំហៀងខ្លួនឲ្យជា17 នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវកំពុងតែបង្រៀន ហើយមានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ ពួកគេបានមកពីគ្រប់ភូមិក្នុងកាលីឡេ យូឌា និងយេរូសាឡិម។ ព្រះចេស្ដារបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា។ 18 ពេលនោះ មើល៍! មានគេនាំបុរសម្នាក់ដែលស្លាប់មួយចំហៀងខ្លួនមកទាំងដេកនៅលើគ្រែ។ គេព្យាយាមនាំគាត់ចូលទៅដាក់នៅមុខព្រះយេស៊ូវ 19 ប៉ុន្តែពួកគេរកវិធីនាំគាត់ចូលទៅមិនបានទេ ដោយសារតែហ្វូងមនុស្ស។ ពួកគេក៏ឡើងទៅលើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែតាមក្បឿងដំបូល ចំកណ្ដាលចំណោម នៅពីមុខព្រះយេស៊ូវ។ 20 ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្លាប់មួយចំហៀងខ្លួននោះថា៖“សម្លាញ់អើយបាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ”។ 21 ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមរិះគិតថា៖ “តើអ្នកនេះដែលនិយាយពាក្យប្រមាថព្រះ ជានរណា? ក្រៅពីព្រះតែមួយអង្គគត់ តើនរណាអាចលើកលែងទោសបាបបាន?”។ 22 ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលតបនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតក្នុងចិត្តដូច្នេះ? 23 ការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង? 24 យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” ព្រះអង្គក៏មានបន្ទូលនឹងបុរសស្លាប់មួយចំហៀងខ្លួនថា៖“ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។ 25 បុរសនោះក៏ក្រោកឡើងភ្លាមនៅមុខមនុស្សទាំងអស់ យកគ្រែដែលគាត់បានដេកនោះ ហើយទៅផ្ទះរបស់គាត់វិញ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះ។ 26 ពេលនោះ ភាពស្ញប់ស្ញែងបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ព្រមទាំងពេញដោយសេចក្ដីភ័យខ្លាច ក៏និយាយថា៖ “ថ្ងៃនេះ យើងបានឃើញការដ៏អស្ចារ្យ!”។ ការត្រាស់ហៅម៉ាថាយ27 បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវក៏យាងចេញទៅ ហើយទតឃើញអ្នកទារពន្ធម្នាក់ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។ 28 គាត់ក៏ក្រោកឡើង លះបង់អ្វីៗទាំងអស់ ហើយទៅតាមព្រះអង្គ។ ហូបជាមួយពួកមនុស្សបាប29 លេវីបានរៀបចំពិធីជប់លៀងធំមួយសម្រាប់ព្រះយេស៊ូវនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធ និងមនុស្សឯទៀតជាច្រើនរួមតុអាហារជាមួយពួកគេដែរ។ 30 ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។ 31 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺអ្នកដែលមានជំងឺវិញ ដែលត្រូវការ។ 32 ខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបឲ្យកែប្រែចិត្តវិញ”។ សំណួរអំពីការតមអាហារ33 បន្ទាប់មក មានគេទូលព្រះយេស៊ូវថា៖ “សិស្សរបស់យ៉ូហានតមអាហារ និងអធិស្ឋានជាញឹកញាប់ ហើយសិស្សរបស់ពួកផារិស៊ីក៏ធ្វើដូចគ្នាដែរ ប៉ុន្តែសិស្សរបស់លោកបែរជាហូប និងផឹកទៅវិញ”។ 34 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នៅពេលកូនកំលោះនៅជាមួយភ្ញៀវអ្នករាល់គ្នាមិនអាចឲ្យភ្ញៀវតមអាហារបានទេ មែនទេ? 35 ប៉ុន្តែនឹងមានថ្ងៃមកដល់ ដែលកូនកំលោះត្រូវបានយកចេញពីពួកគេ នៅគ្រានោះទើបពួកគេតមអាហារ”។ 36 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖“គ្មានអ្នកណាហែកយកកំណាត់ពីសម្លៀកបំពាក់ថ្មីប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ ទាំងសម្លៀកបំពាក់ថ្មីក៏រហែក ហើយកំណាត់ពីសម្លៀកបំពាក់ថ្មីក៏មិនត្រូវនឹងសម្លៀកបំពាក់ចាស់ដែរ។ 37 ហើយក៏គ្មានអ្នកណាចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទម្លាយថង់ស្បែក នោះស្រាទំពាំងបាយជូរក៏ហូរចេញ ហើយថង់ស្បែកក៏ខូច។ 38 ផ្ទុយទៅវិញ ត្រូវតែចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មី។ 39 គ្មានអ្នកណាចង់បានស្រាទំពាំងបាយជូរថ្មីឡើយ ក្រោយពីផឹកស្រាទំពាំងបាយជូរចាស់ហើយ ដ្បិតគេថា: ‘របស់ចាស់ល្អហើយ’”៕ |