លូកា 4 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវត្រូវបានល្បួង 1 បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គត្រូវព្រះវិញ្ញាណនាំទៅទីរហោស្ថាន 2 ទាំងត្រូវមារល្បួងសែសិបថ្ងៃ។ ក្នុងអំឡុងថ្ងៃទាំងនោះ ព្រះអង្គមិនសោយអ្វីឡើយ លុះផុតថ្ងៃទាំងនោះហើយ ព្រះអង្គក៏ឃ្លាន។ 3 មារក៏ទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរបង្គាប់ដុំថ្មនេះឲ្យក្លាយជានំប៉័ងមើល៍!”។ 4 ព្រះយេស៊ូវទ្រង់តបនឹងវាថា៖“មានសរសេរទុកមកថា:‘មនុស្សមិនមែនរស់ដោយនំប៉័ងតែប៉ុណ្ណោះទេ’”។ 5 មារក៏នាំព្រះយេស៊ូវឡើងទៅកន្លែងដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោកដល់ព្រះអង្គ ក្នុងរយៈពេលមួយភ្លែត 6 រួចទូលព្រះអង្គថា៖ “ខ្ញុំនឹងឲ្យអស់ទាំងសិទ្ធិអំណាច និងសិរីរុងរឿងនៃអាណាចក្រទាំងនេះដល់អ្នក ដ្បិតទាំងអស់នេះបានប្រគល់មកខ្ញុំហើយ ខ្ញុំឲ្យទៅអ្នកណាក៏ដោយដែលខ្ញុំចង់។ 7 ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំនៅមុខខ្ញុំ អ្វីៗទាំងអស់នេះនឹងទៅជារបស់អ្នក”។ 8 ព្រះយេស៊ូវទ្រង់តបនឹងវាថា៖“មានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។ 9 មារក៏នាំព្រះយេស៊ូវទៅយេរូសាឡិម ហើយឲ្យព្រះអង្គឈរលើកំពូលព្រះវិហារ រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនពីទីនេះទៅខាងក្រោមទៅ! 10 ដ្បិតមានសរសេរទុកមកថា: ‘ព្រះអង្គនឹងបង្គាប់បណ្ដាទូតសួគ៌របស់ព្រះអង្គអំពីអ្នក ឲ្យថែរក្សាអ្នក 11 ហើយពួកគេនឹងទ្រអ្នកដោយដៃ ដើម្បីកុំឲ្យជើងរបស់អ្នកទង្គិចនឹងថ្ម’ ”។ 12 ព្រះយេស៊ូវទ្រង់តបនឹងវាថា៖“មានចែងទុកមកថា:‘កុំល្បងលព្រះអម្ចាស់ព្រះរបស់អ្នកឡើយ’”។ 13 ពេលមារបានបញ្ចប់ការល្បួងគ្រប់បែបយ៉ាងហើយ វាក៏ចាកចេញពីព្រះយេស៊ូវមួយរយៈ។ ព័ន្ធកិច្ចនៅកាលីឡេ 14 បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅកាលីឡេវិញ ទាំងប្រកបដោយព្រះចេស្ដានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយតាមតំបន់ជុំវិញទាំងអស់។ 15 ព្រះអង្គបានបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយត្រូវមនុស្សទាំងអស់សរសើរ។ ត្រូវគេបដិសេធនៅណាសារ៉ែត 16 ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ 17 គេក៏យកគម្ពីរព្យាការីអេសាយឲ្យព្រះអង្គ។ នៅពេលព្រះអង្គលាក្រាំងនោះ ក៏រកឃើញកន្លែងមួយដែលមានសរសេរទុកមកថា: 18 “ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព 19 និងដើម្បីប្រកាសឆ្នាំនៃព្រះគុណរបស់ព្រះអម្ចាស់” ។ 20 នៅពេលមូរក្រាំងប្រគល់ឲ្យអ្នកជួយវិញ ព្រះយេស៊ូវក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់ក្នុងសាលាប្រជុំបានសម្លឹងមើលព្រះអង្គ។ 21 ពេលនោះ ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ថ្ងៃនេះ បទគម្ពីរនេះត្រូវបានបំពេញឲ្យសម្រេចហើយ ក្នុងកាលដែលអ្នករាល់គ្នាកំពុងឮនឹងត្រចៀក”។ 22 ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។ 23 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។ 24 ព្រះអង្គមានបន្ទូលទៀតថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានព្យាការីណាដែលទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ 25 ខ្ញុំប្រាប់អ្នករាល់គ្នាតាមសេចក្ដីពិតថា មានស្ត្រីមេម៉ាយជាច្រើនក្នុងអ៊ីស្រាអែលនៅសម័យអេលីយ៉ា កាលផ្ទៃមេឃត្រូវបានបិទអស់រយៈពេលបីឆ្នាំប្រាំមួយខែ គឺពេលដែលមានទុរ្ភិក្សដ៏ធ្ងន់ធ្ងរកើតនៅគ្រប់កន្លែង 26 ប៉ុន្តែអេលីយ៉ាមិនត្រូវបានចាត់ឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមពួកគេឡើយ គឺត្រូវបានចាត់ឲ្យទៅឯស្ត្រីមេម៉ាយម្នាក់នៅសារិបតាក្នុងស៊ីដូនវិញ។ 27 មួយវិញទៀត នៅសម័យព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងអ៊ីស្រាអែល ប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេត្រូវបានប្រោសឲ្យបរិសុទ្ធឡើយ មានតែណាម៉ានជនជាតិស៊ីរីប៉ុណ្ណោះ”។ 28 នៅពេលឮពាក្យទាំងនេះ មនុស្សទាំងអស់នៅក្នុងសាលាប្រជុំក៏ពេញដោយភាពក្ដៅក្រហាយ 29 ហើយក្រោកឡើងដេញព្រះអង្គចេញទៅខាងក្រៅទីក្រុង រួចនាំព្រះអង្គទៅលើចំណោតភ្នំដែលជាទីតាំងក្រុងរបស់ពួកគេ ដើម្បីច្រានព្រះអង្គទម្លាក់។ 30 ប៉ុន្តែព្រះអង្គយាងកាត់កណ្ដាលចំណោមពួកគេ ហើយចេញទៅបាត់។ ដេញវិញ្ញាណអសោច 31 ព្រះយេស៊ូវយាងចុះទៅកាពើណិម ជាទីក្រុងមួយនៅកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។ 32 គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយសិទ្ធិអំណាច។ 33 នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់អារក្សអសោចចូល។ គាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ 34 “ឱ ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។ 35 ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ អារក្សក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមពួកគេ ហើយចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់រងរបួសអ្វីឡើយ។ 36 មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យសម្ដីនេះជាអ្វី? លោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច និងមហិទ្ធិឫទ្ធិ ហើយពួកវាក៏ចេញទៅ!”។ 37 ដូច្នេះ ដំណឹងអំពីព្រះអង្គក៏ឮសុសសាយទៅគ្រប់ទីកន្លែងក្នុងតំបន់ជុំវិញនោះ។ ការប្រោសឲ្យជានៅកាពើណិម 38 ព្រះយេស៊ូវទ្រង់ក្រោកឡើងយាងចេញពីសាលាប្រជុំ ហើយចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ ម្ដាយក្មេករបស់ស៊ីម៉ូនកំពុងរងទុក្ខដោយគ្រុនក្ដៅខ្លាំង គេក៏ទូលអង្វរព្រះអង្គអំពីគាត់។ 39 ព្រះយេស៊ូវក៏មកឈរនៅក្បែរគាត់ ហើយស្ដីឲ្យគ្រុន នោះគ្រុនក៏ចាកចេញពីគាត់។ រំពេចនោះ គាត់ក៏ក្រោកឡើង ហើយចាប់ផ្ដើមបម្រើពួកគេ។ 40 លុះដល់ពេលថ្ងៃលិច អស់អ្នកដែលមានអ្នកឈឺដោយរោគាផ្សេងៗក៏នាំអ្នកឈឺទាំងនោះមករកព្រះអង្គ។ ព្រះអង្គក៏ប្រោសពួកគេឲ្យជា ដោយដាក់ព្រះហស្តលើពួកគេម្នាក់ៗ។ 41 ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។ ប្រកាសដំណឹងល្អនៅកាលីឡេ 42 ព្រលឹមឡើង ព្រះយេស៊ូវយាងចេញទៅកន្លែងស្ងាត់ដាច់ពីគេ។ ហ្វូងមនុស្សក៏ខំរកព្រះអង្គ លុះមកដល់កន្លែងដែលព្រះអង្គគង់នៅ ពួកគេក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេឡើយ។ 43 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំត្រូវតែប្រកាសដំណឹងល្អនៃអាណាចក្ររបស់ព្រះដល់ទីក្រុងឯទៀតៗដែរ ដ្បិតខ្ញុំត្រូវបានចាត់ឲ្យមក ដើម្បីការនេះឯង”។ 44 ដូច្នេះ ព្រះអង្គក៏បន្តប្រកាសដំណឹងល្អតាមសាលាប្រជុំនៅក្នុងកាលីឡេ៕ |