ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លូកា 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
លូកា 1

ជូនចំពោះថេវភីល

1 ឯកឧត្ដម​ថេវភីល​អើយ ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ផ្ដើម​រៀបរៀង​ដំណើររឿង​អំពី​ហេតុការណ៍​ដែល​ត្រូវ​បាន​សម្រេច​ក្នុងចំណោម​យើងខ្ញុំ

2 យោងតាម​អស់អ្នក​ដែល​តាំងពី​ដំបូង​មក​ធ្វើជា​សាក្សីផ្ទាល់ភ្នែក និង​ជា​អ្នកបម្រើ​ព្រះបន្ទូល បាន​ប្រគល់​មក​យើងខ្ញុំ

3 ហើយខ្ញុំក៏​បាន​តាមដាន​រឿងរ៉ាវ​ទាំងអស់​យ៉ាងយកចិត្តទុកដាក់​តាំងពីដំបូងមក​ដែរ ហេតុនេះហើយបានជា​ខ្ញុំ​យល់ឃើញថា​គួរតែ​សរសេរ​តាមលំដាប់លំដោយ​ជូន​លោក

4 ដើម្បីឲ្យ​លោក​ជ្រាប​អំពី​ភាពប្រាកដប្រជា​នៃ​ពាក្យ​ដែល​លោក​បាន​ទទួល​។

ប្រាប់ជាមុនអំពីកំណើតយ៉ូហាន

5 នៅ​សម័យ​ហេរ៉ូឌ​ស្ដេច​នៃ​យូឌា មាន​បូជាចារ្យ​ម្នាក់​ក្នុង​ក្រុម​អ័ប៊ីយ៉ា ឈ្មោះ​សាការី ប្រពន្ធ​របស់​លោក​ក៏​ជា​ម្នាក់​ក្នុងចំណោម​កូនចៅ​អើរ៉ុន​ដែរ ឈ្មោះ​អេលីសាបិត​។

6 អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។

7 ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។

8 កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​សាការី​កំពុង​បំពេញការងារ​ជា​បូជាចារ្យ​តាម​វេន​របស់​ក្រុម​លោក​នៅចំពោះ​ព្រះ

9 លោក​ត្រូវបានជ្រើសរើសដោយចាប់ឆ្នោត តាម​ទម្លាប់​របស់​មុខងារជាបូជាចារ្យ ឲ្យ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​របស់​ព្រះអម្ចាស់​ដើម្បី​ដុតគ្រឿងក្រអូប​។

10 រីឯ​ប្រជាជន​ទាំងមូល​កំពុង​អធិស្ឋាន​នៅ​ខាងក្រៅ នៅ​ម៉ោង​ដុតគ្រឿងក្រអូប​។

11 ពេលនោះ មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេច​មក​ដល់​លោក ឈរ​នៅ​ខាងស្ដាំ​អាសនា​ដុតគ្រឿងក្រអូប​។

12 នៅពេល​ឃើញ​ទូតសួគ៌ សាការី​ក៏​មានអំពល់ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​លោក​។

13 ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។

14 កូននោះ​នឹង​បានជា​អំណរ និង​សេចក្ដីរីករាយ​ដល់​អ្នក ហើយ​មនុស្ស​ជាច្រើន​ក៏​នឹង​អរសប្បាយ​ដោយសារតែ​កំណើត​របស់​កូននោះ​ដែរ

15 ដ្បិត​កូននោះ​នឹង​បាន​ធំឧត្ដម​នៅចំពោះ​ព្រះអម្ចាស់​។ កូននោះ​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរ និង​គ្រឿងស្រវឹង​សោះឡើយ ហើយ​នឹង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​មក​។

16 កូននោះ​នឹង​ធ្វើឲ្យ​កូនចៅ​អ៊ីស្រាអែល​ជាច្រើន បែរមក​រក​ព្រះអម្ចាស់​ព្រះ​របស់​ពួកគេ​វិញ​។

17 កូននោះ​នឹង​នាំមុខ​ព្រះអង្គ ដោយ​វិញ្ញាណ​និង​អំណាច​របស់​អេលីយ៉ា ដើម្បី​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន​វិញ ហើយ​ធ្វើឲ្យ​ពួក​មិនស្ដាប់បង្គាប់​បែរមក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុងបំណង​ត្រៀម​ប្រជារាស្ត្រ​ដែល​បាន​រៀបចំ​ទុកជាស្រេច​ថ្វាយ​ព្រះអម្ចាស់”។

18 សាការី​និយាយ​នឹង​ទូតសួគ៌​ថា​៖ “តើ​ខ្ញុំ​នឹង​ដឹង​ការនេះ​យ៉ាងដូចម្ដេច​បាន​? ដ្បិត​ខ្ញុំ​ជា​មនុស្សចាស់ ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏​មានវ័យចំណាស់​ដែរ”។

19 ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។

20 មើល៍! អ្នក​នឹង​គ ហើយ​មិនអាច​និយាយ​បាន​រហូតដល់​ថ្ងៃ​ដែល​ការទាំងនេះ​កើតឡើង ពីព្រោះ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់ខ្ញុំ​ដែល​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​នៅ​ពេលកំណត់”។

21 ប្រជាជន​កំពុង​រង់ចាំ​សាការី ហើយ​ពួកគេ​នឹកឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ទីវិសុទ្ធ​យូរ​ដូច្នេះ​។

22 នៅពេល​លោក​ចេញមក លោក​មិនអាច​និយាយ​នឹង​ពួកគេ​បានទ្បើយ ដូច្នេះ​ពួកគេ​យល់ឃើញ​ថា លោក​បាន​ឃើញ​និមិត្ត​នៅក្នុង​ទីវិសុទ្ធ​។ សាការី​ចេះតែ​ធ្វើសញ្ញា​ទៅ​ពួកគេ ហើយ​លោក​នៅតែ​គ​។

23 លុះ​ថ្ងៃ​នៃ​ការបម្រើ​របស់​លោក​បាន​គ្រប់​ហើយ លោក​ក៏​ទៅផ្ទះ​របស់​លោក​វិញ​។

24 បន្ទាប់ពី​ថ្ងៃ​ទាំងនោះ អេលីសាបិត​ជា​ប្រពន្ធ​របស់​លោក​ក៏​មានផ្ទៃពោះ ហើយ​គាត់​លាក់ខ្លួន​ប្រាំ​ខែ ដោយ​ពោលថា​៖

25 “នៅ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រោសប្រណី​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​យ៉ាងនេះ​ចំពោះ​ខ្ញុំ ដើម្បី​ដកយក​សេចក្ដីអាម៉ាស់​របស់ខ្ញុំ​ចេញ​ពីចំណោម​មនុស្ស”។

ប្រាប់ជាមុនអំពីកំណើតព្រះយេស៊ូវ

26 នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត

27 គឺ​ទៅឯ​ស្ត្រីព្រហ្មចារី​ម្នាក់ ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​សែស្រឡាយ​ដាវីឌ​។ ឈ្មោះ​របស់​ស្ត្រីព្រហ្មចារី​នោះ​គឺ​ម៉ារា​។

28 ទូតសួគ៌​នោះ​ចូលទៅ​រក​នាង និយាយថា​៖ “ជម្រាបសួរ នាង​ដែល​បាន​ទទួលព្រះគុណ​អើយ​! ព្រះអម្ចាស់​គង់នៅ​ជាមួយ​នាង”។

29 ប៉ុន្តែ​នាង​មានអំពល់​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​នេះ ហើយ​រិះគិត​អំពី​ពាក្យជម្រាបសួរ​នេះ ថា​តើ​មានន័យ​ដូចម្ដេច​។

30 ទូតសួគ៌​ក៏​និយាយ​នឹង​នាង​ថា៖ “កុំ​ខ្លាច​ឡើយ ម៉ារា​អើយ ពីព្រោះ​នាង​ទទួលបាន​ព្រះគុណ​ពី​ព្រះ​ហើយ​។

31 មើល៍! នាង​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​ត្រូវ​ដាក់ឈ្មោះ​កូន​នោះ​ថា យេស៊ូវ​។

32 កូននោះ​នឹង​បាន​ធំឧត្ដម ហើយ​នឹង​ត្រូវបាន​ហៅថា ព្រះបុត្រា​របស់​ព្រះ​ដ៏ខ្ពស់បំផុត​; ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​ប្រទាន​ដល់​កូននោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ដូនតា​របស់​ព្រះអង្គ​។

33 ព្រះអង្គ​នឹង​សោយរាជ្យ​លើ​ពូជពង្ស​របស់​យ៉ាកុប​ជារៀងរហូត ហើយ​អាណាចក្រ​របស់​ព្រះអង្គ​នឹង​គ្មាន​ទីបញ្ចប់​ឡើយ”។

34 ម៉ារា​និយាយ​នឹង​ទូតសួគ៌​ថា៖ “តើ​ការនេះ​នឹង​កើតឡើង​យ៉ាងដូចម្ដេច​បាន ពីព្រោះ​ខ្ញុំ​មិនទាន់​រៀបការ​ផង​?”។

35 ទូតសួគ៌​តប​នឹង​នាង​ថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​សណ្ឋិត​លើ​នាង ហើយ​ព្រះចេស្ដា​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​គ្របដណ្ដប់​នាង ហេតុនេះហើយបានជា​កូន​ដ៏វិសុទ្ធ​ដែល​កើតមក​នោះ នឹង​ត្រូវបាន​ហៅថា ព្រះបុត្រារបស់ព្រះ​។

36 មើល៍! អេលីសាបិត​ជា​សាច់ញាតិ​របស់នាង​ក៏​មានផ្ទៃពោះ​ជា​កូនប្រុស ក្នុង​វ័យចំណាស់​របស់​គាត់​ដែរ គឺ​អ្នក​ដែល​ត្រូវ​គេ​ហៅថា​ជា​ស្ត្រី​អារ គាត់​មាន​ផ្ទៃពោះ​ប្រាំមួយ​ខែ​ហើយ​។

37 ដ្បិត​សម្រាប់​ព្រះ​គ្មាន​អ្វី​ដែល​ធ្វើមិនកើត​ឡើយ”។

38 ម៉ារា​និយាយថា៖ “មើល៍! ខ្ញុំជា​ទាសី​របស់​ព្រះអម្ចាស់​។ សូមឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​របស់លោក​ចុះ”។ បន្ទាប់មក ទូតសួគ៌​ក៏​ចាកចេញ​ពី​នាង​ទៅ​។

ម៉ារា និងអេលីសាបិត

39 នៅ​គ្រានោះ ម៉ារា​ក្រោកឡើង ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ ដល់​ទីក្រុង​មួយ​នៃ​យូដា​។

40 នាង​ចូលទៅ​ក្នុង​ផ្ទះ​របស់​សាការី ហើយ​ជម្រាបសួរ​អេលីសាបិត​។

41 នៅពេល​អេលីសាបិត​បាន​ឮ​ពាក្យជម្រាបសួរ​របស់​ម៉ារា ទារក​នៅក្នុង​ផ្ទៃ​គាត់​លោតកញ្ឆេង ហើយ​អេលីសាបិត​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ

42 រួច​គាត់​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “ក្នុងចំណោម​ស្ត្រី នាង​ជា​អ្នក​ដ៏​មានព្រះពរ ហើយ​ផល​នៃ​ផ្ទៃ​របស់នាង​ក៏​មានព្រះពរ​ដែរ​!

43 ការនេះ​កើតឡើង​ដល់​ខ្ញុំ​យ៉ាងដូចម្ដេច​ហ្ន៎ ដែល​ម្ដាយ​របស់​ព្រះអម្ចាស់​ខ្ញុំ​មករក​ខ្ញុំ​?

44 ដ្បិត​មើល៍! នៅពេល​សំឡេង​នៃ​ពាក្យជម្រាបសួរ​របស់នាង​បាន​ឮដល់​ត្រចៀក​ខ្ញុំ ទារក​ក្នុង​ផ្ទៃ​ខ្ញុំ​បាន​លោតកញ្ឆេង​ដោយ​អំណរ​។

45 មានពរ​ហើយ នាង​ដែល​ជឿ ដ្បិត​នឹង​មាន​ការបំពេញឲ្យសម្រេច​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នឹង​នាង”។

ពាក្យសរសើររបស់ម៉ារា

46 ពេលនោះ ម៉ារា​ពោលថា៖ “ព្រលឹង​របស់ខ្ញុំ​លើកតម្កើង​ព្រះអម្ចាស់

47 ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ

48 ដ្បិត​ព្រះអង្គ​បាន​ទតមើលដោយព្រះហឫទ័យសន្ដោស​ដល់​ភាពតូចទាប​របស់​ទាសី​ព្រះអង្គ‍។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថាជាអ្នកមានព្រះពរ

49 ដ្បិត​ព្រះអង្គ​ដែល​មានព្រះចេស្ដា បាន​ធ្វើ​ការ​ដ៏អស្ចារ្យ​ដល់​ខ្ញុំ​; ព្រះនាម​របស់​ព្រះអង្គ​វិសុទ្ធ​។

50 សេចក្ដីមេត្តា​របស់​ព្រះអង្គ មាន​ដល់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ​។

51 ព្រះអង្គ​ទ្រង់​ធ្វើ​កិច្ចការដ៏មានព្រះចេស្ដា​ដោយ​ព្រះហស្ត​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​កម្ចាត់កម្ចាយ​មនុស្ស​មានអំនួត​ក្នុង​ចិត្ត​គំនិត​របស់​ខ្លួន​។

52 ព្រះអង្គ​ទ្រង់​ទម្លាក់​ពួក​អ្នកកាន់អំណាច​ពី​បល្ល័ង្ក ហើយ​លើកតម្កើង​មនុស្ស​តូចទាប

53 ព្រះអង្គ​ទ្រង់​ចម្អែត​មនុស្ស​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ ហើយ​បណ្ដេញ​អ្នក​មាន​ឲ្យទៅ​ដោយដៃទទេ​។

54 ព្រះអង្គ​បាន​ជួយ​អ៊ីស្រាអែល​ជា​អ្នកបម្រើ​របស់​ព្រះអង្គ ដោយ​នឹកចាំ​អំពី​សេចក្ដី​មេត្តា​របស់ព្រះអង្គ

55 ដែលមាន​ដល់​អ័ប្រាហាំ និង​ពូជពង្ស​របស់​លោក​ជារៀងរហូត ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់យើង”។

56 ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​អេលីសាបិត​ប្រមាណជា​បី​ខែ ហើយក៏​ត្រឡប់ទៅផ្ទះ​របស់​នាង​វិញ​។

កំណើត និងការដាក់ឈ្មោះឲ្យយ៉ូហាន

57 លុះ​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ហើយ គាត់​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់​។

58 នៅពេល​អ្នកជិតខាង និង​សាច់ញាតិ​របស់​គាត់​បាន​ឮ​ថា ព្រះអម្ចាស់​បាន​សម្ដែង​សេចក្ដីមេត្តា​យ៉ាងធំធេង​ដល់​គាត់ ពួកគេ​ក៏​អបអរជាមួយគាត់​។

59 លុះដល់​ថ្ងៃ​ទីប្រាំបី ពួកគេ​ក៏​មក​ដើម្បី​ធ្វើពិធីកាត់ស្បែក​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់ឈ្មោះ​ថា​សាការី តាម​ឈ្មោះ​ឪពុក​។

60 ប៉ុន្តែ​ម្ដាយ​របស់​ទារក​តប​ថា​៖ “ទេ​! ត្រូវ​ដាក់ឈ្មោះ​ថា​យ៉ូហាន​វិញ”។

61 ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “ក្នុងចំណោម​សាច់ញាតិ​របស់អ្នក គ្មាន​អ្នកណា​ដែល​មានឈ្មោះ​ហ្នឹង​ទេ”។

62 ដូច្នេះ ពួកគេ​ធ្វើសញ្ញា​សួរ​ឪពុក​របស់​ទារក​ថា តើ​លោក​ចង់​ដាក់ឈ្មោះ​អ្វី​ឲ្យ​កូន​។

63 សាការី​ក៏​សុំ​ក្ដារឆ្នួន​មួយ ហើយ​សរសេរ​ថា​៖ “ឈ្មោះ​របស់​កូននេះ​គឺ យ៉ូហាន”។ ពួកគេ​ទាំងអស់គ្នា​ក៏​ងឿងឆ្ងល់​។

64 រំពេចនោះ មាត់​របស់​លោក​ត្រូវបាន​បើក ហើយ​អណ្ដាត​ក៏​រលាស់​បាន រួច​លោក​ចាប់ផ្ដើម​ពោល​សរសើរតម្កើង​ព្រះ​។

65 បន្ទាប់មក សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​អស់អ្នក​ដែល​រស់នៅជិតខាង​ពួកគាត់ ហើយ​គេ​និយាយ​អំពី​ការ​ទាំងអស់​នេះ​សុសសាយ​ពេញ​តំបន់ភ្នំ​យូឌា​ទាំងមូល​។

66 អស់អ្នក​ដែល​ឮ​ក៏​ចងចាំ​ការទាំងនេះ​ទុក​ក្នុង​ចិត្ត ទាំង​និយាយថា​៖ “តើ​កូន​នេះ​នឹង​ទៅជា​អ្វី​?” ដ្បិត​ព្រះហស្ត​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ជាមួយ​កូននេះ​។

ពាក្យព្យាកររបស់សាការី

67 ពេលនោះ សាការី​ឪពុក​របស់​ទារក​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​ព្យាករ​ថា​៖

68 “ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។

69 ព្រះអង្គ​បាន​លើក​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង​សម្រាប់​យើង ក្នុង​ពូជពង្ស​របស់​ដាវីឌ​អ្នកបម្រើ​របស់​ព្រះអង្គ

70 ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​តាមរយៈ​មាត់​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​តាំងពីបុរាណមក

71 គឺជា​សេចក្ដីសង្គ្រោះ​ឲ្យ​រួច​ពី​ពួក​ខ្មាំងសត្រូវ​របស់យើង និង​ពី​កណ្ដាប់ដៃ​របស់​អស់អ្នក​ដែល​ស្អប់​យើង

72 ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ

73 ដែលជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំដូនតា​របស់យើង

74 គឺ​ឲ្យ​យើង​បាន​ស្រោចស្រង់​ពី​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ ដើម្បីឲ្យ​យើង​បម្រើ​ព្រះអង្គ​ដោយ​ឥតភ័យខ្លាច

75 ក្នុង​សេចក្ដីវិសុទ្ធ និង​សេចក្ដីសុចរិត នៅចំពោះ​ព្រះអង្គ អស់​មួយជីវិត​របស់យើង​។

76 ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ

77 ដើម្បី​ផ្ដល់​ចំណេះដឹង​នៃ​សេចក្ដីសង្គ្រោះ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាមរយៈ​ការលើកលែងទោស​បាប​របស់​ពួកគេ​។

78 ដោយសារតែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃយើង អរុណរះ​នឹង​មក​ពី​ស្ថានដ៏ខ្ពស់​ដល់​យើង

79 បំភ្លឺ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត និង​ស្រមោល​នៃ​សេចក្ដីស្លាប់ ដើម្បី​នាំ​ជើង​របស់យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុខសាន្ត”។

80 ទារក​នោះ​ក៏​ធំឡើង ហើយ​មាំមួន​ខាង​វិញ្ញាណ​។ គាត់​រស់នៅ​ទីរហោស្ថាន​រហូតដល់​ថ្ងៃ​ដែលគាត់​បង្ហាញ​ខ្លួន​ដល់​អ៊ីស្រាអែល​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative