អង្វរសុំព្រះឲ្យសង្គ្រោះបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងផ្កាលីលី។ 1 ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ! 2 ទូលបង្គំបានលិចចុះក្នុងភក់ដ៏ជ្រៅ គឺគ្មានកន្លែងដាក់ជើងឡើយ ទូលបង្គំបានចូលទៅក្នុងជម្រៅទឹក ហើយទឹកជំនន់បានជន់លិចទូលបង្គំ។ 3 ទូលបង្គំអស់កម្លាំងដោយសារតែការស្រែកហៅរបស់ទូលបង្គំ បំពង់កទូលបង្គំបានស្ងួតហើយ; ភ្នែកទូលបង្គំបានស្រវាំង ទាំងរំពឹងលើព្រះនៃទូលបង្គំ។ 4 អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ! 5 ឱព្រះអើយ ព្រះអង្គស្គាល់ភាពល្ងង់របស់ទូលបង្គំ ហើយកំហុសរបស់ទូលបង្គំក៏មិនត្រូវបានលាក់បាំងពីព្រះអង្គដែរ! 6 ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ានៃពលបរិវារអើយ សូមកុំឲ្យអ្នកដែលទន្ទឹងរង់ចាំព្រះអង្គ អាម៉ាស់មុខដោយសារតែទូលបង្គំឡើយ! ព្រះនៃអ៊ីស្រាអែលអើយ សូមកុំឲ្យអ្នកដែលស្វែងរកព្រះអង្គ អៀនខ្មាសដោយសារតែទូលបង្គំឡើយ! 7 ដ្បិតទូលបង្គំបានផ្ទុកការត្មះតិះដៀលដោយយល់ដល់ព្រះអង្គ; ភាពអាប់យសបានគ្របបាំងមុខរបស់ទូលបង្គំ។ 8 ទូលបង្គំជាជនមិនស្គាល់ដល់បងប្អូនរបស់ទូលបង្គំ ហើយជាជនចម្លែកដល់កូនៗរបស់ម្ដាយទូលបង្គំ។ 9 ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។ 10 កាលទូលបង្គំបានយំសោក ហើយធ្វើទុក្ខព្រលឹងរបស់ទូលបង្គំដោយការតមអាហារ វាក៏ក្លាយទៅជាការត្មះតិះដៀលដល់ទូលបង្គំវិញ។ 11 កាលទូលបង្គំយកក្រណាត់ធ្មៃធ្វើជាសម្លៀកបំពាក់របស់ខ្លួន នោះទូលបង្គំក៏ក្លាយទៅជាពាក្យប្រដូចបង្អាប់ដល់ពួកគេ។ 12 ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។ 13 រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង! 14 សូមរំដោះទូលបង្គំពីភក់ កុំឲ្យទូលបង្គំលិចចុះឡើយ សូមរំដោះទូលបង្គំពីអ្នកដែលស្អប់ទូលបង្គំ និងពីជម្រៅទឹកផង។ 15 សូមកុំឲ្យទឹកជំនន់ជន់លិចទូលបង្គំ ក៏កុំឲ្យទីជម្រៅលេបទូលបង្គំដែរ ហើយកុំឲ្យរណ្ដៅបិទមាត់វាលើទូលបង្គំឡើយ។ 16 ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង! 17 សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីបាវបម្រើរបស់ព្រះអង្គឡើយ ដ្បិតទូលបង្គំស្ថិតនៅក្នុងទុក្ខលំបាក; សូមប្រញាប់ឆ្លើយនឹងទូលបង្គំផង! 18 សូមយាងមកជិតព្រលឹងរបស់ទូលបង្គំ ហើយប្រោសលោះទូលបង្គំ; ដោយសារតែពួកសត្រូវរបស់ទូលបង្គំ សូមបង់ថ្លៃលោះទូលបង្គំផង! 19 ព្រះអង្គទ្រង់ជ្រាបការត្មះតិះដៀល សេចក្ដីអាម៉ាស់ និងភាពអាប់យសដែលទូលបង្គំទទួលហើយ; អស់ទាំងសត្រូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ 20 ការត្មះតិះដៀលបានធ្វើឲ្យចិត្តទូលបង្គំបែកខ្ទេច នោះទូលបង្គំពេញដោយភាពអស់សង្ឃឹម។ ទូលបង្គំទន្ទឹងរង់ចាំការអាណិតអាសូរ ប៉ុន្តែគ្មានសោះឡើយ ក៏ទន្ទឹងរង់ចាំអ្នកសម្រាលទុក្ខ ប៉ុន្តែរកមិនឃើញដែរ។ 21 ពួកគេបានឲ្យទឹកប្រមាត់ដល់ទូលបង្គំជាអាហារ ហើយឲ្យទូលបង្គំផឹកទឹកខ្មេះ សម្រាប់ការស្រេករបស់ទូលបង្គំ។ 22 សូមឲ្យតុអាហាររបស់ពួកគេក្លាយជាអង្គប់នៅចំពោះពួកគេ ហើយសូមឲ្យសេចក្ដីសុខសាន្តក្លាយជាអន្ទាក់ដែរ។ 23 សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។ 24 សូមចាក់សេចក្ដីក្រេវក្រោធរបស់ព្រះអង្គលើពួកគេ សូមឲ្យព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គតាមពួកគេទាន់។ 25 សូមឲ្យជំរំរបស់ពួកគេបានស្ងាត់ជ្រងំ កុំឲ្យមានអ្នកណារស់នៅក្នុងរោងរបស់ពួកគេឡើយ។ 26 ដ្បិតពួកគេតាមបៀតបៀនអ្នកដែលព្រះអង្គបានវាយ ហើយតំណាលប្រាប់អំពីការឈឺចាប់របស់ពួកអ្នកដែលព្រះអង្គធ្វើឲ្យរងរបួស។ 27 សូមបន្ថែមសេចក្ដីទុច្ចរិតលើសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយកុំឲ្យពួកគេបានចូលមកក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គឡើយ។ 28 សូមលុបពួកគេចេញពីបញ្ជីជីវិត គឺកុំកត់ចូលជាមួយមនុស្សសុចរិតឡើយ។ 29 រីឯទូលបង្គំវិញ ទូលបង្គំរងទុក្ខ ហើយឈឺចាប់។ ឱព្រះអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ព្រះអង្គលើកទូលបង្គំឲ្យរួចផុតផង! 30 ខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះដោយចម្រៀង ហើយលើកតម្កើងព្រះអង្គដោយការអរព្រះគុណ។ 31 ការនេះនឹងជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាងគោបា ជាងគោឈ្មោលដែលមានស្នែង និងមានក្រចកទៅទៀត។ 32 មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ! 33 ដ្បិតព្រះយេហូវ៉ាទ្រង់សណ្ដាប់មនុស្សខ្វះខាត ហើយមិនមើលងាយមនុស្សរបស់ព្រះអង្គដែលជាអ្នកទោសឡើយ។ 34 ចូរឲ្យផ្ទៃមេឃ និងផែនដី សមុទ្រ និងរបស់សព្វសារពើដែលរវើកនៅទីនោះ សរសើរតម្កើងព្រះអង្គ! 35 ដ្បិតព្រះនឹងសង្គ្រោះស៊ីយ៉ូន ហើយសង់ទីក្រុងទាំងឡាយនៃយូដាឡើងវិញ; ពួកគេនឹងរស់នៅទីនោះ ហើយកាន់កាប់វា។ 36 ពូជពង្សរបស់បាវបម្រើព្រះអង្គនឹងទទួលវាជាមរតក ហើយអ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គនឹងរស់នៅក្នុងនោះ៕ |