អេសាយ 19:18 - អាល់គីតាប គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងដែនដីអេហ្ស៊ីប ដែលនិយាយភាសារបស់កាណាន ព្រមទាំងស្បថដល់ព្រះយេហូវ៉ានៃពលបរិវារ។ ទីក្រុងមួយក្នុងទីក្រុងទាំងនោះ នឹងត្រូវបានហៅថា “ទីក្រុងនៃព្រះអាទិត្យ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុងមួយនោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបម្រើព្រះអម្ចាស់នៃពិភពទាំងមូល។ ក្រុងមួយក្នុងចំណោមក្រុងទាំងប្រាំ នឹងមានឈ្មោះថា “ក្រុងរបស់ព្រះអាទិត្យ” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ នឹងមានទីក្រុង៥នៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុង១នោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។ |
នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមហ៊ូកុំ ដែលអុលឡោះប្រទានមកតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងហ៊ូកុំ និងវិន័យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
អុលឡោះតាអាឡាអាណិតអាសូរដល់ពូជពង្សយ៉ាកកូប ទ្រង់នៅតែជ្រើសរើស ជនជាតិអ៊ីស្រអែលដដែល ទ្រង់នឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅយ៉ាកកូប។
គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន
អុលឡោះតាអាឡានឹងសំដែងឲ្យជនជាតិអេស៊ីបស្គាល់ទ្រង់ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់អុលឡោះតាអាឡាពិតមែន។ ពួកគេនឹងគោរពបម្រើទ្រង់ ដោយធ្វើគូរបាន និងជូនជំនូនផ្សេងៗ ពួកគេនាំគ្នាសូមអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។
ទ្រង់នឹងបន្ទាបមនុស្សមានចិត្តព្រហើន ទ្រង់នឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង
នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប នឹងនាំគ្នាវិលត្រឡប់មកវិញ គេនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “អុលឡោះតាអាឡានៅអស់កល្ប” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។
ពេលនោះ យើងនឹងជម្រះបបូរមាត់ ជាតិសាសន៍នានាឲ្យបានបរិសុទ្ធ ដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររក នាមយើងជាអុលឡោះតាអាឡា ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។
«នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាអុលឡោះតាអាឡា ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។
ចូរគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រូវគោរពបម្រើទ្រង់ ជំពាក់ចិត្តលើទ្រង់ ហើយស្បថក្នុងនាមទ្រង់តែប៉ុណ្ណោះ។