ចោទិយកថា 10 - អាល់គីតាបអុលឡោះតាអាឡាជាម្ចាស់អត់ទោសឲ្យប្រជាជនអ៊ីស្រអែល 1 «នៅគ្រានោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ 2 យើងនឹងសរសេរសេចក្តីទាំងប៉ុន្មាន ដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប”។ 3 ខ្ញុំក៏បានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ 4 អុលឡោះតាអាឡាបានចារសេចក្តីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលទ្រង់បានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលដែលអ្នករាល់គ្នាជួបជុំគ្នា រួចហើយអុលឡោះតាអាឡាប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។ 5 ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចអុលឡោះតាអាឡាបានបង្គាប់មកខ្ញុំ»។ 6 ជនជាតិអ៊ីស្រអែលចេញដំណើរពីប្អៀរ៉ូត–បេនេយ៉ាកាន ឆ្ពោះទៅម៉ូសារ៉ា។ នៅទីនោះ ហារូនបានស្លាប់ ហើយគេក៏បញ្ចុះសពគាត់។ លោកអេឡាសារជាកូន បានទទួលមុខងារជាអ៊ីមុាំបន្តពីគាត់។ 7 បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។ 8 នៅគ្រានោះ អុលឡោះតាអាឡាបានញែកកុលសម្ព័ន្ធលេវី ទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ឲ្យពួកគេបម្រើទ្រង់ និងជូនពរដល់ប្រជាជនក្នុងនាមទ្រង់ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។ 9 ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតអុលឡោះតាអាឡា ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកមានបន្ទូលប្រាប់ពួកគេ។ 10 «ខ្ញុំស្ថិតនៅលើភ្នំ ចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ អុលឡោះតាអាឡាយល់ព្រមស្តាប់តាមពាក្យទូរអាអង្វររបស់ខ្ញុំ សាជាថ្មី ទ្រង់មិនចង់បំផ្លាញអ្នកទេ។ 11 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។ ការទូន្មានឲ្យស្រឡាញ់ និងស្តាប់បង្គាប់អុលឡោះតាអាឡាជាម្ចាស់ 12 ឥឡូវនេះ អ៊ីស្រអែលអើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពេញចិត្តឲ្យអ្នក គោរពកោតខ្លាចទ្រង់ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។ 13 អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកកាន់តាមបទបញ្ជា និងហ៊ូកុំផ្សេងៗរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។ 14 ផ្ទៃមេឃអាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ 15 ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អុលឡោះតាអាឡាជំពាក់ចិត្ត និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ទ្រង់ក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកអ្នកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។ 16 ចូរជូនចិត្តគំនិតទៅអុលឡោះ ហើយកុំមានចិត្តរឹងរូសឲ្យសោះ 17 ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទ្រង់ជាម្ចាស់ស្តេចនានា ជាម្ចាស់លើម្ចាស់នានា។ ទ្រង់ជាម្ចាស់ដ៏ឧត្តម ប្រកបដោយចេស្តា និងគួរឲ្យស្ញែងខ្លាច។ ទ្រង់មិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។ 18 អុលឡោះរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ទ្រង់ស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។ 19 អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ 20 ចូរគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រូវគោរពបម្រើទ្រង់ ជំពាក់ចិត្តលើទ្រង់ ហើយស្បថក្នុងនាមទ្រង់តែប៉ុណ្ណោះ។ 21 ចូរលើកតម្កើងតែអុលឡោះប៉ុណ្ណោះ ទ្រង់ជាម្ចាស់របស់អ្នក គឺទ្រង់ហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។ 22 កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។ |
© 2014 United Bible Societies, UK.
United Bible Societies