Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 27 - អាល់គីតាប

1 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ប្រើ ដាវ​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​អំណាច ដើម្បី​ដាក់​ទោស​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ទ្រង់​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។


ចម្ការ​ទំពាំង‌បាយ​ជូរ​របស់​អុលឡោះ

2 នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង អំពី​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​ផ្ដល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

4 យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។

5 បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

6 នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​យ៉ាកកូប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

7 តើអុលឡោះ‌តាអាឡា​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​ទ្រង់​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ដូច​ទ្រង់​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។

8 ទេ! អុលឡោះ‌តាអាឡា​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ទ្រង់ ដោយ​និរទេស​ពួក​គេ គឺ​ទ្រង់​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។

9 ដោយ​អុលឡោះ​លើក‌លែង​ទោស​ឲ្យ កូន​ចៅ​របស់​យ៉ាកកូប​រួច​ពី​បាប ពួក​គេ​នឹង​កំទេច​ថ្ម​អាសនៈ របស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេច ដូច​ថ្ម​កំបោរ​ដែល​គេ​កំទេច​ឲ្យ​ទៅ​ជា​ធូលី​ដី ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​កន្លែង​ជូន​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។

10 ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅ ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ សម្រាប់​គោ​មក​ដេក ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

11 ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។

12 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ នៅ​ពេល​នោះ ទ្រង់​នឹង​ប្រមូល អ្នក​រាល់​គ្នា​ម្ដង​មួយៗ។

13 នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម