អេសាយ 2 - អាល់គីតាបប្រជាជនជួបជុំនៅក្រុងយេរូសាឡឹម 1 នេះជាបន្ទូលរបស់អុលឡោះដែលណាពីអេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីអុលឡោះតាអាឡា ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: 2 ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើក ភ្នំដែលមានដំណាក់របស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ 3 ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ 4 ទ្រង់នឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ទ្រង់នឹងសំរុះសំរួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។ 5 កូនចៅរបស់យ៉ាកកូបអើយ ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់អុលឡោះតាអាឡា! 6 អុលឡោះតាអាឡាអើយ ទ្រង់បានបោះបង់ចោល ពូជពង្សរបស់យ៉ាកកូបដែលជាប្រជារាស្ត្ររបស់ទ្រង់ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ទ្រង់ចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ 7 ស្រុករបស់គេពោរពេញទៅដោយ មាស និងប្រាក់ ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនា ស្រុករបស់គេពោរពេញទៅដោយសេះ រទេះចំបាំងរបស់គេមានច្រើនឥតគណនា។ 8 ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។ 9 មនុស្សលោកត្រូវអាប់អោន គេនឹងដួលផ្កាប់មុខដល់ដី ទ្រង់មិនអត់ទោសឲ្យគេឡើយ។ 10 ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះ ចូរនាំគ្នាលាក់ខ្លួននៅក្នុងដី ដើម្បីគេច ឲ្យផុតពីកំហឹងរបស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃ សិរីរុងរឿងរបស់ទ្រង់។ 11 ទ្រង់នឹងបន្ទាបមនុស្សមានចិត្តព្រហើន ទ្រង់នឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង 12 ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។ 13 ទ្រង់ពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។ 14 ទ្រង់ពង្រាបភ្នំធំៗទាំងឡាយ ពង្រាបភ្នំដ៏ខ្ពស់ៗ 15 ពង្រាបប៉មដ៏ខ្ពស់ៗ ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។ 16 ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស និងពង្រាបនាវាដ៏ល្អប្រណីត។ 17 ទ្រង់នឹងបន្ទាបមនុស្សព្រហើន ទ្រង់នឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង។ 18 ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។ 19 ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីកំហឹង របស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។ 20 នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។ 21 គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីកំហឹងរបស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។ 22 ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ! |
© 2014 United Bible Societies, UK.
United Bible Societies