លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។
១ ពង្សាវតារក្សត្រ 8:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ព្រះអង្គ ដែលបានប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌កផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ព្រះអង្គឲ្យបានរួចពីបាបផង គឺអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ព្រះអង្គ គឺទឹកដីដែលព្រះអង្គប្រទានឲ្យប្រជារាស្ត្រព្រះអង្គទុកជាកេរមត៌ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបំរើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។ អាល់គីតាប សូមទ្រង់ដែលនៅសូរ៉កាទ្រង់ស្តាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ទ្រង់ ឲ្យបានរួចពីបាបផង គឺអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ទ្រង់ គឺទឹកដី ដែលទ្រង់ប្រទានឲ្យប្រជារាស្ត្រទ្រង់ទុកជាកេរមត៌ក។ |
លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។
រួចមក លោកអេលីយ៉ាទូលព្រះបាទអ័ហាប់ថា៖ «សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ»។
បន្តិចក្រោយមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ព្រះបាទអ័ហាប់ជិះរទេះទៅយេសរាល
សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។
ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ឱព្រះយេហូវ៉ាអើយ សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ ត្រង់នៅមុខទូលបង្គំផង។
ប្រជារាស្ត្រព្រះអង្គរកបាន ទីអាស្រ័យក្នុងស្រុកនោះ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។
ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។