Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 143 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ! សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និង​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

2 សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ​នឹង​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ។

3 ៙ ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​ទូល‌បង្គំ គេ​បាន​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី គេបាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត ដូចអស់​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។

4 ហេតុ​នេះ​ហើយ​បាន​ជា​វិញ្ញាណ នៅ​ក្នុងទូល‌បង្គំចុះ​ខ្សោយ ហើយ​ចិត្ត​នៅ​ក្នុង​ទូល‌បង្គំ​ក៏​ញាប់​ញ័រ។

5 ៙ ទូល‌បង្គំ​នឹក​ចាំ​ពីសម័យ​ចាស់​បុរាណ ក៏​សញ្ជឹង​គិត​អំពី​អស់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គបាន​ធ្វើ ទូល‌បង្គំ​ពិចារណា​អំពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

6 ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ព្រះ‌អង្គ ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ ដូច​ជា​ដី​ហួត​ហែង។ –បង្អង់

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។

8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។

9 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ !

10 សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បងំ្គ! សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​នៅ​លើ​ដី​រាប​ស្មើ!

11 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ! សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

12 ហើយ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​កាត់​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំចេញ ហើយ​បំផ្លាញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន នៃ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម