ទំនុកតម្កើង 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទុកចិត្តដល់ព្រះ ឲ្យព្រះអង្គរំដោះពីខ្មាំងសត្រូវ ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយខ្លុយ។ 1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាសម្រែកឈឺចាប់ របស់ទូលបង្គំផង។ 2 ឱព្រះមហាក្សត្រ ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែករបស់ទូលបង្គំ ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ 3 ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។ 4 ដ្បិតព្រះអង្គមិនមែនជាព្រះ ដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ អំពើអាក្រក់មិនអាចនៅជាមួយ ព្រះអង្គបានឡើយ។ 5 មនុស្សព្រហើនមិនអាចឈរ នៅចំពោះព្រះនេត្រព្រះអង្គបានទេ ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ 6 ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម និងមនុស្សបោកប្រាស់។ 7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។ 8 ឱព្រះយេហូវ៉ាអើយ សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ ត្រង់នៅមុខទូលបង្គំផង។ 9 ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។ 10 ឱព្រះអង្គអើយ សូមកាត់ទោសគេ សូមឲ្យគេដួលចុះ ដោយសារឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។ 11 តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។ 12 ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។ |
© 2016 United Bible Societies
Bible Society in Cambodia