Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌បន្ទូល​នៅ​គ្រា​រាំង​ស្ងួត

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​គ្រា​រាំង​ស្ងួត៖

2 ពួក​យូដា​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង។

3 ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​ឃ្លុំ​ក្បាល

4 ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួរ​រាស់​ក៏​ខ្មាស គេ​ឃ្លុំ​ក្បាល​ដែរ។

5 ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទម្លាក់​កូន រួច​ទុក​ចោល ព្រោះ​គ្មាន​ស្មៅ។

6 លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទីទួល វា​ដង្ហក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។

8 ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដំណើរ ដែល​ឈប់​សំណាក់​តែ​មួយ​យប់​ដូច្នេះ?

9 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន? ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​កណ្ដាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ជន​ជាតិ​នេះ​ដូច្នេះ​ថា៖ គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ព្រះ‌អង្គ​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស ដល់​គេ​ជា​ពិត​ប្រាកដ។

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ កុំ​អធិស្ឋាន​សូម​សេចក្ដី​ល្អ​ឲ្យ​ជន​ជាតិ​នេះ​ឡើយ។

12 កាល​ណា​គេ​តម​អត់ នោះ​យើង​មិន​ព្រម​ស្ដាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នោះ​យើង​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ។


ព្រះ​មិន​ទទួល​ស្គាល់​ពួក​ហោរាកុហក

13 ពេល​នោះ ខ្ញុំ​ទូល​ថា៖ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែង‌តែ​ប្រាប់​គេ​ថា អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​អំណត់​ដែរ គឺ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​នៅ​ទី​នេះ​ជា​ពិត។

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។

15 ដូច្នេះ ឯ​ពួក​ហោរា​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ឈ្មោះ​យើង ដោយ​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​អំណត់​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា៖ គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​ដាវ និង​អំណត់​នោះ​ឯង

16 ហើយ​ពួក​ជន​ដែល​គេ​បាន​ថ្លែងទំនាយ​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​អំណត់ និង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​បញ្ចុះ​សព​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ព្រោះ​យើង​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ។

17 អ្នក​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា៖ សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទម្ងន់។

18 បើ​ខ្ញុំ​ចេញ​ទៅ​វាល មើល៍ មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺដោយ​អត់​ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។


ប្រជាជនទូល​សូម​សេចក្ដីមេត្តា‌ករុណា

19 តើ​ព្រះ‌អង្គ​បោះ‌បង់​ពួក​យូដាចោល​ហើយ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ? យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​បាន​តែ​សេចក្ដី​ភ័យ។

20 ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ពិត។

21 សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរី‌ល្អ​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ។

22 ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម