ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស​ទី ក៏​នឹង​មាន​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ឯង​១​ភាគ​ក្នុង​៣​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ ហើយ​នឹង​ត្រូវ​សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​កណ្តាល​ឯង ឯ​១​ភាគ​ក្នុង​៣​ទៀត នឹង​ដួល​ស្លាប់​ដោយ​ដាវ នៅ​ជុំវិញ​ឯង ហើយ​ភាគ​ទី​៣ អញ​នឹង​កំចាត់‌កំចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​នឹង​ហូត​ដាវ​តាម​ក្រោយ​គេ​ទៀត។

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 5:12
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។


កាល​ណា​គេ​តម​អត់ នោះ​យើង​មិន​ព្រម​ស្ដាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នោះ​យើង​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ។


បើ​កាល​ណា​គេ​សួរ​អ្នក​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា? ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សម្រាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សម្រាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សម្រាប់​អំណត់ ឲ្យ​គេ​អត់​ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សម្រាប់ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ។


ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​ប្រាំពីរ​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន​ខ្មាស ហើយ​ជ្រប់​មុខ ឯ​ពួក​ដែល​នៅ​សល់ យើង​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា នោះ​នឹង​នៅ​រស់ ហើយ​នឹង​មាន​ជីវិត​រស់​រួច​ពី​សង្គ្រាម។


យើង​នឹង​ចាត់​ដាវ និង​អំណត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្ដាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​បុព្វ‌បុរស​គេ​ទៅ"»។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយអំណត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ»។


មើល៍! យើង​នឹង​ត្រួត​មើល​គេ សម្រាប់​ជា​សេចក្ដី​អាក្រក់ មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ហើយ​ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នឹង​សាប‌សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់ ដរាប​ដល់​អស់​រលីង​ទៅ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​ចិញ្ចឹម​ជន​ជាតិ​នេះ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។


យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​យើង​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ។


ប្រសិន‌បើ​យើង​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​យើង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​នោះ


ឬ​ប្រសិន‌បើ​យើងឲ្យ​អាសន្ន‌រោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កម្ចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​យើង​ចាត់​សេចក្ដី​វេទនា​ទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


គឺ​យ៉ាង​នោះ ដែល​យើង​នឹង​សម្រាក​សេចក្ដី​ក្រោធ​យើង​ចំពោះ​អ្នក ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ទៅ យើង​នឹង​នៅ​ស្ងៀម ឥត​មាន​កំហឹង​ទៀត។


ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​រៀប​គ្រឿង​បុក​ទម្លាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សម្លាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សម្រាប់​ទម្លាយ​ទ្វារ​កំផែង ព្រម​ទាំង​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ។


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក ដ្បិត​យើង​បាន​ដុស​ជម្រះ​អ្នក តែ​អ្នក​មិន​បាន​ស្អាត​ទេ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​ទៀត​ឡើយ ដរាប​ដល់​យើង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង ចំពោះ​អ្នក​បាន​សម្រាក​វិញ។


អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល យើង​នឹងឲ្យ​សត្វ​ព្រៃ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ។


ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។


ឬ​ដោយ​គេ​ធ្វើ​មាត់​ទ្វារ​គេ ក្បែរ​មាត់​ទ្វារ​របស់​យើង និង​ក្រប​ទ្វារ​គេ ផ្ទាប់​នឹង​ក្រប​ទ្វារ​របស់​យើង ឲ្យ​មាន​តែ​ជញ្ជាំង​នៅ​កណ្ដាល​យើង​នឹង​គេ ហើយ​គេ​បាន​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ហេតុ​នោះ​បាន​ជា​យើង​ធ្វើ​ឲ្យ​គេ​សាប‌សូន្យ​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​យើង។


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក ហើយ​យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ព្រម​ទាំង​កម្ចាត់‌កម្ចាយ​សំណល់​របស់​អ្នក​ទៅ​គ្រប់​ទិស​ទី»។


យើង​នឹង​ចាត់​អំណត់ សត្វ​កំណាច​មក​លើ​អ្នក​រាល់​គ្នា សត្វ​នោះ​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​មាន​ទាំង​អាសន្ន‌រោគ និង​ឈាម​មក​កណ្ដាល​អ្នក​រាល់​គ្នា​ដែរ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក យើង​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ»។


មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង នៅ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​យក​ដាវ​កាប់​ក្រឡឹង​ជុំ‌វិញទី​ក្រុង ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​យើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយ។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។


ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្ស អ្នក​ណា​ដែល​នៅ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​លេប​គេ​ទៅ។


ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក មក​លើ​អ្នក​ផង។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ ក៏​យើង​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ យើង​នឹង​ផ្តោត​ភ្នែក​ទៅ​រក​គេ​ឲ្យ​មាន​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ»។


ដ្បិត​មើល៍ យើង​នឹង​បញ្ជា ហើយ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ក្នុង​ចំណោម អស់​ទាំង​សាសន៍ ដូច​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង តែ​ឥត​មាន​គ្រាប់​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ។


គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។


ក្នុង​ចំណោម​សាសន៍​ទាំង​នោះ អ្នក​នឹង​រក​សេចក្ដី​ស្រាក​ស្រាន្ត​មិន​បាន ក៏​នឹង​គ្មាន​កន្លែង​សម្រាក​សម្រាប់​បាត​ជើង​របស់​អ្នក​ដែរ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​អ្នក​ស្រវាំង​ទៅ ហើយ​ឲ្យ​ព្រលឹង​អ្នក​ព្រួយ​លំបាក។


ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។