Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ជន​ជាតិ​យូដា​ដែល​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព និង​នៅ​ស្រុក​ប៉ាត្រូស

2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​គ្រប់​សេចក្ដី​អាក្រក់ ដែល​យើង​បាន​នាំ​មក​លើក្រុង​យេរូ‌សាឡិម និង​លើ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ហើយ មើល៍! សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

3 ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​អ្នក​រាល់​គ្នា ឬ​បុព្វ‌បុរស​អ្នក មិន​បាន​ស្គាល់​ផង។

4 ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។

5 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ។

6 ហេតុ​នោះ​បាន​ជា​កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង​បាន​ចាក​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម។ ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច‌បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ»។

7 ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ? ជា​ការ​ដែល​កាត់​ពួក​អ្នក​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ។

8 ហេតុ​អ្វី​ដៃ​អ្នក​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង? ដូច​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្ដាសា និង​ជា​ទី​ត្មះ‌តិះ‌ដៀល នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី។

9 តើ​អ្នក​រាល់​គ្នា​ភ្លេច ពី​អំពើ​អាក្រក់​បុព្វ‌បុរស​របស់​អ្នក អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ប្រពន្ធ​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់របស់​ខ្លួន​អ្នក និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ហើយ​ឬ?

10 រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោត​ខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​ច្បាប់​របស់​យើង ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ផង»។

11 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា សម្រាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​កាត់​ពួក​យូដា​ទាំង​អស់​ចេញ។

12 យើង​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និងអំណត់ គេ​នឹង​ស្លាប់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ​បំផុត។ ដោយ‌សារ​ដាវ និង​អំណត់ គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ។

13 ដ្បិត​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ ដូច​ជា​យើង​បាន​ធ្វើ​ទោស​ដល់​ក្រុង​យេរូ‌សាឡិម ដោយ​ដាវ​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​ដែរ

14 ហេតុ​នោះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ»។

15 ពេល​នោះ មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្ដា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ទៅ​ហោរា​យេរេមា​ថា៖

16 «ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ស្តាប់​តាម​ទេ។

17 គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង បុព្វ‌បុរស​យើង និង​ពួក​ស្តេច ពួក​មន្ត្រី​របស់​យើង​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្ដី​អាក្រក់​ណា​សោះ។

18 តែ​តាំង​ពី​យើង​‌លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ទៅ នោះ​យើង​ចេះ​តែ​ខ្វះ​ខាត​គ្រប់​ទាំង​អស់ ហើយ​វិនាស​ដោយ​ដាវ និង​អំណត់»។

19 មាន​ស្ត្រី​ខ្លះ​បាន​និយាយ​ថា ៖ «ពេល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ទ្រង់ តើ​យើង​បាន​ធ្វើ​នំ​សម្រាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ទ្រង់មិនឲ្យ​ប្ដី​យើង​ដឹង​ឬ?»

20 ឯ​បណ្ដា‌ជន​ប្រុស​ស្រី​ទាំង‌ឡាយ គឺ​អស់​មនុស្ស​ដែល​បាន​ឆ្លើយ​មក​ហោរា​យេរេមា​ដូច្នោះ នោះ​លោក​ប្រាប់​ដល់​គេ​ថា៖

21 «កំញាន​ដែល​អ្នក​រាល់​គ្នា​បាន​ដុត នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​ក្រុង​យេរូ‌សាឡិម ទោះ​ទាំង​អ្នក​រាល់​គ្នា បុព្វ‌បុរស ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​បណ្ដា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន តើ​ព្រះ‌យេហូវ៉ា​មិន​បាន​នឹក​ចាំ តើ​ព្រះ‌អង្គ​មិន​បាន​រឭក​ពី​អំពើ​ទាំង​នោះ​ទេ​ឬ?

22 ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ។

23 ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ ឬ​តាម​បញ្ញត្តិ​ច្បាប់ ឬ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ»។

24 លោក​យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំង‌ឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា៖ «នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ព្រម​ទាំង​ប្រពន្ធ​របស់​អ្នក បាន​ចេញ​វាចា​ពី​មាត់​រៀង​ខ្លួន​ហើយ ក៏​បាន​សម្រេច​តាម ដោយ​ដៃ​ខ្លួន​ដែរ ថា​យើង​រាល់​គ្នា​នឹង​លា​បំណន់ ដែល​យើង​បាន​បន់​ជា​មិន​ខាន គឺ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ច្រូច​ថ្វាយ​ទ្រង់​ដែរ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន់​ទៅ ហើយ​លា​បំណន់​របស់​អ្នក​ចុះ។

26 នែ៎ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​យើង​ថា ឈ្មោះ​យើង​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅនោះ​ឡើយ។

27 មើល៍! យើង​នឹង​ត្រួត​មើល​គេ សម្រាប់​ជា​សេចក្ដី​អាក្រក់ មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ហើយ​ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នឹង​សាប‌សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់ ដរាប​ដល់​អស់​រលីង​ទៅ។

28 ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​គេ​ក្ដី"។

29 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "នេះ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នៅ​ទី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​យើង​នឹង​បាន​តាំង​ទាស់​នឹង​អ្នក សម្រាប់​ជា​ការ​អាក្រក់"

30 គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា: យើង​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​យើង​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ"»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម