យេរេមា 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបន្ទូលសម្រាប់ព្រះបាទសេដេគា 1 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងកាលដែលព្រះបាទសេដេគាបានចាត់ផាសហ៊ើរ ជាកូនម៉ាលគា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា មកជួបលោកដោយពាក្យថា៖ 2 សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ានឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។ 3 ដូច្នេះ ហោរាយេរេមាឆ្លើយតបថា៖ ចូរអ្នករាល់គ្នាទូលតបនឹងព្រះបាទសេដេគាយ៉ាងនេះ 4 ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា មើល៍! យើងនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃអ្នករាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយពួកខាល់ដេ ដែលឡោមព័ទ្ធអ្នករាល់គ្នាខាងក្រៅកំផែងយើងនឹងប្រមូលគេមកនៅកណ្ដាលទីក្រុងនេះ។ 5 ហើយខ្លួនយើងក៏ច្បាំងតនឹងអ្នករាល់គ្នា ដោយដៃលូកចេញ និងដើមដៃខ្លាំងពូកែ គឺដោយកំហឹង សេចក្ដីក្រោធ និងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំង។ 6 យើងនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស និងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងសាហាវ។ 7 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។ 8 អ្នកត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខអ្នករាល់គ្នា 9 អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធអ្នករាល់គ្នា នោះនឹងនៅរស់ ហើយនឹងមានជីវិតរស់រួចពីសង្គ្រាម។ 10 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានតាំងមុខទាស់នឹងទីក្រុងនេះ សម្រាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតទីក្រុងចោល។ 11 អ្នកត្រូវប្រាប់ពីដំណើរវង្សានៃស្តេចយូដាថា៖ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 12 ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់យើងចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ 13 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នកដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ យើងទាស់នឹងអ្នកហើយ អ្នកអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន? 14 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងផ្ចាលអ្នកឲ្យសមតាមផល ដែលអ្នកបានប្រព្រឹត្ត គឺយើងនឹងបង្កាត់ភ្លើងនៅក្នុងព្រៃអ្នក ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia