Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាការី 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពិធី​តម​អាហារ

1 នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ស្តេច​ដារីយុស នៅ​ថ្ងៃ​ទី​បួន ខែ​ទីប្រាំ​បួន ត្រូវ​នឹង​ខែ​មិគ្គសិរ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់​សាការី

2 គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួកមនុស្ស​មួយ​ក្រុម​មក​ទូល​អង្វរ​ព្រះ‌យេហូវ៉ា

3 ហើយ​សួរ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​សួរ​ពួក​ហោរា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​យំ ហើយ​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​ជា​យើង​ធ្លាប់​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ឬ?»

4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖

5 ចូរ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា ពេល​ណា​ឯង​រាល់​គ្នា​បាន​តមអាហារ ហើយ​យំ​សោក​នៅ​ខែទី​ប្រាំ និង​ខែ​ទីប្រាំពីរ គ្រប់​ទាំង​ចិត​សិប​ឆ្នាំ​មក​នេះ តើ​បាន​តម​អាហារ​ដោយ​គោរព​ដល់យើង​មែន​ឬ?

6 ហើយ​កាល​ណា​ឯង​រាល់​គ្នា​បរិភោគអាហារ ឬ​ផឹក តើ​មិន​មែនបរិភោគ និង​ផឹក​ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ?

7 តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ តាម​រយៈ​ពួក​ហោរា នៅ​ពេល​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខដុម នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ទី​ក្រុង​នៅ​ជុំ‌វិញ តំបន់​ណេកិប និង​ស្រុក​ទំនាបទេ​ឬ?


ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បដិសេធបំណង​របស់​ព្រះ

8 ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មក​កាន់​សាការី

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​វិនិច្ឆ័យដោយ​យុត្តិ‌ធម៌ មាន​ចិត្ត​សប្បុរស និង​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក

10 កុំ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ពួក​កំព្រា ពួក​បរទេស ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណាម្នាក់ប្រព្រឹត្ត​អាក្រក់ ទាស់​នឹង​បង‌ប្អូន​ខ្លួន​ដែរ»។

11 ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​តាម​សោះ គេ​ក៏​ងាកមុខ​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ។

12 ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម មិន​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​មក​ប្រាប់ តាម​រយៈ​ពួក​ហោរា​កាល​ពី​ជំនាន់​មុន​នោះ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក្រោធ​ជា​ខ្លាំង។

13 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ដូចជា​យើង បាន​ស្រែកហៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា នោះ​គេ​ក៏​ស្រែក​ដែរ តែ​យើង​មិន​ព្រម​ស្តាប់​ដូច​គ្នា

14 គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម