អេសាយ 44:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ អាល់គីតាប អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ |
ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ គឺព្រះដ៏ខ្ពស់បំផុត ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។
គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូប គឺព្រះអង្គដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសម្រាប់អាស្រ័យនៅ
ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។
គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។
ព្រះយេហូវ៉ាដែលព្រះអង្គបានបង្កើតអ្នកមក ហើយបានជបសូនអ្នកចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបម្រើយើង ហើយយេស៊ូរុនដែលយើងបានរើសអើយ កុំខ្លាចឡើយ។
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា យើងនេះហើយជាយេហូវ៉ា ដែលបានបង្កើតសេចក្ដីនោះឡើង។
ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានអ្នកជួយប្រោសលោះមកក្រុងស៊ីយ៉ូន ហើយដល់ពូជពង្សយ៉ាកុប ដែលលះលែងពីអំពើរំលង។
អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។
ដ្បិតព្រះអង្គជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក ព្រះនាមព្រះអង្គជាព្រះដ៏ប្រោសលោះយើងខ្ញុំ។
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
ឯព្រះដ៏ប្រោសលោះគេ ព្រះអង្គមានឥទ្ធិឫទ្ធិ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងកាន់ក្ដីគេ ដើម្បីប្រោសឲ្យផែនដីបានសេចក្ដីសុខ ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្ន។
គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ថ្លែងពីស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ
ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។