Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្លើយ​របស់​លោក​យ៉ូប៖ ខ្ញុំ​មិន​អាច​ត​ទល់​នឹង​ព្រះ​បាន​ទេ

1 ពេល​នោះ លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖

2 «ខ្ញុំ​ដឹង​ប្រាកដ​ថា​យ៉ាង​នោះ​ហើយ ប៉ុន្តែ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត នៅ​ចំពោះ​ព្រះ​បាន?

3 បើ​គេ​ចង់​តវ៉ា​ជា‌មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ គេ​រក​ឆ្លើយ​តែ​មួយ​ក៏​មិន​បាន​ផង។

4 ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ?

5 ព្រះ‌អង្គ​លើក​ភ្នំ​ឲ្យ​ឃ្លាត​ចាក​ទី​ទៅ​ឥត​ឲ្យ​ដឹង​ផង ព្រះ‌អង្គ​ក៏​ផ្កាប់​វា​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ

6 ព្រះ‌អង្គ​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ

7 ព្រះ‌អង្គ​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ព្រះ‌អង្គ​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង

8 គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ឯង​ដែល​លាត​ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ

9 ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

10 ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃ‌លែង ដែល​រក​យល់​មិន​បាន និង​ការ​អស្ចារ្យ​ឥត​គណនា។

11 មើល៍! ព្រះ‌អង្គ​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ព្រះ‌អង្គ​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ។

12 បើ​ព្រះ‌អង្គ​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ព្រះ‌អង្គ​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា "តើ​ព្រះ‌អង្គ​ធ្វើ​អ្វី​នោះ"។

13 ព្រះ​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដែល​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ព្រះ‌អង្គ។

14 ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ទូល​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ដល់​ព្រះ‌អង្គ?

15 ទោះ​បើ​ខ្ញុំ​សុចរិត ក៏​ខ្ញុំ​មិនអាច​ទូល​ឆ្លើយ​នឹង​ព្រះ‌អង្គ​បាន​ដែរ គឺ​ខ្ញុំ​ត្រូវ​តែ​អង្វរ​សូម​សេចក្ដី​មេត្តា ពី​ចៅ‌ក្រម​របស់​ខ្ញុំ​វិញ ។

16 ប្រសិន‌បើ​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ព្រះ‌អង្គ​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​បាន​ទទួល​ស្ដាប់​សំឡេង​របស់​ខ្ញុំ​ដែរ។

17 ដ្បិត​ព្រះ‌អង្គ​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​ច្រើន​ឡើង​ដោយ​ឥត​ហេតុ

18 ព្រះ‌អង្គ​មិន​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សោះ គឺ​ព្រះ‌អង្គ​ចម្អែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង។

19 ប្រសិន‌បើ​គិត​ពី​កម្លាំង មើល៍! ព្រះ‌អង្គ​ជា​ព្រះ​ដែល​មា​ន​ឫទ្ធា​នុភាព ប្រសិន‌បើ​គិត​ពី​រឿង​យុត្តិធម៌ តើ​អ្នក​ណា​អាច​កោះ​ហៅ​ព្រះ‌អង្គ បាន?

20 បើ​ខ្ញុំ​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ។

21 ទោះ​បើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍ គង់​តែ​មិន​ពឹង​ដល់​ខ្លួន​ឯង​ទេ ខ្ញុំ​ស្អប់​ជីវិត​ខ្ញុំ​ណាស់។

22 សេចក្ដី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ព្រះ‌អង្គ​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង។

23 ប្រសិន‌បើ​សេចក្ដី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម ព្រះ‌អង្គ​នឹង​សើច​ឡក ដល់​សេចក្ដី​ល្បង​ល របស់​មនុស្ស​ឥត​ទោស។

24 ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់​ហើយ ព្រះ‌អង្គ​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ព្រះ‌អង្គ​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ?

25 ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្ដី​ល្អ​អ្វី​ឡើយ។

26 ពេល​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា។

27 ប្រសិន‌បើ​ខ្ញុំ​ថា "ខ្ញុំ​នឹង​បំភ្លេច​តម្អូញ​របស់​ខ្ញុំ ក៏​នឹង​ធ្វើ​ទឹក​មុខ​រីក​រាយ ហើយ​ខំ​ប្រឹង សើច​សប្បាយ​ឡើង​វិញ"

28 នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ។

29 ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះ ខ្ញុំ​នឹង​នឿយ​ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី?

30 ប្រសិន‌បើ​ខ្ញុំ​នឹង​សម្អាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ

31 គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សម្លៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ។

32 ដ្បិត​ព្រះ​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ព្រះ‌អង្គ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ។

33 គ្មាន​អាជ្ញា​កណ្ដាល ណា ដែល​អាច​វិនិច្ឆ័យរវាង​យើង​ទាំង​ពីរបាន​ឡើយ។

34 ឲ្យ​ព្រះ‌អង្គ​ដក​ដំបង​ចេញ​ពី​ខ្ញុំ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មក​បំភ័យ​ខ្ញុំ​ទៀត។

35 នោះ​ខ្ញុំ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ឥត​ភ័យ​ខ្លាច ដ្បិត​ខ្ញុំ​មិន​មែន​ដូច​ជា​ពាក្យ ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម