គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
យេរេមា 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ អាល់គីតាប ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលឆ្អឹងទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ |
គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលស្ដេចហេសេគាជាបិតារបស់ទ្រង់ បានបំផ្លាញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើបង្គោលសក្ការៈ ដូចព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវារនៅលើមេឃផង។
ទ្រង់ធ្វើអាសនាសម្រាប់អស់ទាំងពួកពលបរិវារដែលនៅលើមេឃ នៅក្នុងទីលានទាំងពីររបស់ព្រះវិហាររបស់ព្រះយេហូវ៉ា
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
គេមានសេចក្ដីភ័យខ្លាចជាខ្លាំង គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច ដ្បិតព្រះនឹងកម្ចាត់កម្ចាយឆ្អឹង របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក អ្នកនឹងធ្វើឲ្យគេអាម៉ាស់ ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។
សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប សូមឲ្យពួកចៅហ្វាយរបស់គេទាំងអស់ បានដូចជាសេបា និងសាលមូណា
ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។
ហើយពួកជនដែលគេបានថ្លែងទំនាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះអំណត់ និងដាវដែរ ឥតមានអ្នកណានឹងបញ្ចុះសពគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ព្រោះយើងនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ។
នោះអ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គឺដោយព្រោះបុព្វបុរសរបស់អ្នករាល់គ្នាបានបោះបង់យើង ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់យើង ឥតដែលរក្សាច្បាប់យើងឡើយ
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
គេនឹងបញ្ចុះសពយេហូយ៉ាគីម ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។
នៅថ្ងៃនោះ សាកសពរបស់មនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី។
ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។
ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ
ព្រោះសេចក្ដីស្លាប់បានឡើងចូលមកតាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីដកយកជីវិតកូនក្មេងនៅតាមទីធ្លា និងពួកកំលោះៗនៅតាមដងផ្លូវ។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
យើងនឹងបោះអ្នកចោលក្នុងទីរហោស្ថាន ទាំងខ្លួនអ្នក និងត្រីទាំងអស់នៅទន្លេផង អ្នកនឹងធ្លាក់ទៅនៅទីវាល ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ យើងបានឲ្យអ្នកទៅជាអាហារ ដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស។
អ្នកនឹងដួលនៅទីវាលទទេ ដ្បិតយើងបានចេញវាចាហើយ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
យើងនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកម្ចាត់កម្ចាយឆ្អឹងអ្នក នៅជុំវិញអាសនារបស់អ្នក។
បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។
យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។
អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ អស់អ្នកដែលថ្វាយបង្គំ ហើយស្បថដល់ព្រះយេហូវ៉ា តែក៏ស្បថដោយព្រះម៉ូឡុកផង
ប៉ុន្ដែ ព្រះបានបែរចេញ ហើយប្រគល់គេឲ្យគោរពថ្វាយបង្គំពួកបរិវារដែលនៅលើមេឃ ដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរហោរាថា "ឱពួកវង្សអ៊ីស្រាអែលអើយ រយៈពេលសែសិបឆ្នាំនៅទីរហោស្ថាន តើអ្នករាល់គ្នាបានសម្លាប់សត្វ ហើយថ្វាយយញ្ញបូជាដល់យើងឬទេ?
ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ដែលខ្ញុំបានហាម
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។