Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សេផានា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលា កេដាលា​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​ហេ‌សេ‌គា ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​យ៉ូសៀស ជា​ព្រះ​រាជ‌បុត្រា​របស់​ព្រះ​បាទ​អាំម៉ូន ស្តេច​ស្រុក​យូដា។


ការ​ជំនុំ​ជម្រះ​ដែល​នឹង​កើត​ឡើង​ដល់​ស្រុក​យូដា

2 យើង​នឹង​រំលីង​របស់​ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែន‌ដី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

3 យើង​នឹង​រំលីង​ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​រំលីង​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រ ហើយ​រំលីង​អ្វី​ៗ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត រួម​ជា‌មួយ​ពួក​មនុស្ស​អាក្រក់ យើង​នឹង​កាត់​មនុស្ស​ចេញ​ពី​លើ​ផែន‌ដី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

4 យើង​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​យូដា ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​សំណល់​របស់​ព្រះ‌បាល​ចេញ​ពី​ទី​នេះ ព្រម​ទាំង​ឈ្មោះ​ពួក​សង្ឃ​ដែល​បម្រើ​រូប​ព្រះ រួម​ជា‌មួយ​ពួក​សង្ឃ

5 អស់​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ពល‌បរិវារ​នៅ​លើ​មេឃ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ ហើយ​ស្បថ​ដល់​ព្រះ‌យេហូវ៉ា តែ​ក៏​ស្បថ​ដោយ​ព្រះ‌ម៉ូឡុក​ផង

6 អស់​អ្នក​ដែល​បាន​រា​ថយ លែង​ដើរ​តាម​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​សួរ​យោបល់​ពី​ព្រះ‌អង្គ​សោះ។

7 ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។

8 នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា យើង​នឹង​ដាក់​ទោសពួក​មន្ត្រី និង​ពួក​កូន​ស្តេច ព្រម​ទាំង​អស់​អ្នក​ដែល​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​តាម​សាសន៍​ដទៃ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ទោស​ដល់​អស់​អ្នក ដែល​លោត​រំលង​ក្រប​ទ្វារ និង​អស់​អ្នក​ដែល​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​ខ្លួន ដោយ​អំពើ​ឃោរ​ឃៅ និង​ការ​ឆបោក។

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​ថ្ងៃ​នោះ នឹងមាន​ឮ​សម្រែក​ចេញ​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​ពីរ ហើយ​សូរ​គ្រាំ‌គ្រេង​ចេញ​ពី​ភ្នំ​ទាំង​ប៉ុន្មាន។

11 ម្នាល​ពួក​អ្នក​នៅ​ម៉ាកថេស​អើយ ចូរ​ទ្រហោ​យំ​ទៅ! ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​លែង​មាន​ទៀត​ហើយ ឯ​អស់​អ្នក​ដែល​ថ្លឹង​ប្រាក់​ក៏​ត្រូវ​កាត់​ចេញ​អស់​ដែរ។

12 នៅ​គ្រា​នោះ យើង​នឹង​ឆែក‌ឆេរ ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​សម្ងំ​រស់​ដោយឥត​ខ្វល់ ជា​អស់​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា "ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ​អ្វី​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្ដី"។

13 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប‌អូស ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ចោល​ស្ងាត់។ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ។


ថ្ងៃ​ដ៏​ធំ​របស់​ព្រះយេហូវ៉ា

14 ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ក៏​នៅ​ជិត ហើយ​ដេញ​ប្រកិត សំឡេង​នៃ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជា​សំឡេង​ជូរ​ចត់ ពេល​នោះ មនុស្ស​ខ្លាំង​ពូកែ​នឹង​ស្រែក​ជា​ខ្លាំង។

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​វេទនា ហើយ​ឈឺ​ចាប់ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ‌ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

16 ជា​ថ្ងៃ​ឮ​សំឡេង​ត្រែ និង​សម្រែក​សឹក​សង្គ្រាម ច្បាំង​នឹង​ក្រុង​ដែល​មាន​កំផែង​ការពារ ហើយ​ទាស់​នឹង​ប៉ម​ខ្ពស់ៗ។

17 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក ដល់​ម៉្លេះ​បានជា​គេ​ដើរ​ដូច​មនុស្ស​ខ្វាក់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឈាម​របស់​គេ​នឹង​ហូរ​ខ្ចាយ​ដូច​ជា​ធូលី​ដី ហើយ​សាច់​របស់​គេ​ដូច​ជា​លាមក។

18 ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច​ក្នុង​ថ្ងៃ នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ដែរ ផែន​ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ផែន​ដី​ផុត​ទៅ អើ ព្រះ‌អង្គ​នឹង​ធ្វើ​ផុត​ទៅ​ជា​មួយ​រំពេច។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម