គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
យេរេមា 6:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់យើងទេ ឯចំណែកក្រឹត្យវិន័យរបស់យើង នោះគេបានបោះបង់ចោលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ អាល់គីតាប ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយហ៊ូកុំរបស់យើងដែរ។ |
គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖ យើងបានចិញ្ចឹមបីបាច់រក្សាកូន តែរាល់គ្នាបានបះបោរនឹងយើងវិញ។
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ និងអស់ទាំងតំបន់នៅជុំវិញ ដូចជាយើងបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់យើងឡើយ។
ត្រូវប្រាប់ថា៖ ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងផ្ចាលអ្នកឲ្យសមតាមផល ដែលអ្នកបានប្រព្រឹត្ត គឺយើងនឹងបង្កាត់ភ្លើងនៅក្នុងព្រៃអ្នក ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញ។
ដោយព្រោះគេមិនបានយកចិត្តទុកដាក់ស្តាប់ពាក្យរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលយើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងមកឯអ្នករាល់គ្នា ជារៀងរហូតមក តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តអ្នកឲ្យជ្រះចេញពីអំពើទុច្ចរិត ដើម្បីឲ្យអ្នកបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួន ដល់កាលណាទៀត។
ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង។ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធអ្នក គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន
ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរអ្នករាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តអ្នកចោលចុះ ក្រែងសេចក្ដីក្រោធរបស់យើងចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ»។
យើងនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីក្រោធដ៏សហ័សរបស់យើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីង។
តើឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែក ទេ គេស្តាប់មិនឮ មើល៍ ព្រះបន្ទូលនៃព្រះយេហូវ៉ា ត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ។
ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍ ហើយក្រុមជំនុំអើយ ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ។
ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម ទាំងនេះបានវង្វេងចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ? គេកាន់ខ្ជាប់តាមពាក្យបញ្ឆោត ហើយមិនព្រមវិលមកវិញទេ។
ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន គេបានបោះបង់ព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។
អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។
ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។
ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ
«ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ
នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។