Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

មីកា 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​អ៊ីស្រា‌អែល

1 នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល៖ ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​សំឡេង​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង។

2 ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្ដី នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អ៊ីស្រា‌អែល។

3 «ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង!

4 ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង

5 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


តើ​ព្រះ​តម្រូវឲ្យ​ធ្វើ​អ្វីខ្លះ?

6 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​មួយ​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ​ឬ?

7 តើ​ព្រះ‌យេហូវ៉ា​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ?

8 ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច? បើ​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា‌មួយ​ព្រះ​របស់​ខ្លួន ដោយ​សុភាព​ប៉ុណ្ណោះ។


ការ​បញ្ឆោត និង​អំពើ​ឃោរឃៅ ដើម្បី​ទណ្ឌកម្ម

9 ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុងថា៖ (ដែល​កោត​ខ្លាច​ដល់​ព្រះ‌នាមរបស់​ព្រះ‌អង្គ នោះ​ជា​ប្រាជ្ញាដ៏​ត្រឹម​ត្រូវ) ចូរ​ស្តាប់​ចុះ ឱ​កុល​សម្ព័ន និង​អស់​អ្នកដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​អើយ!

10 តើ​យើង​អាច​បំភ្លេច​ទ្រព្យ‌សម្បត្តិ នៃ​អំពើ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​បាន​ឬ?

11 តើ​យើង​អាចអត់ឱនឲ្យ​ជញ្ជីង​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​បាន​ឬ?

12 ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្ដាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ

13 ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។

14 ឯង​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្ដាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន យើង​នឹង​ប្រគល់​ដល់​ដាវ​វិញ

15 ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សម្រាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ

16 ដ្បិត​អ្នក​រាល់​គ្នា​បាន​កាន់​តាម​បញ្ញត្តិ​ច្បាប់​របស់​ស្តេច​អំរី និង​អស់​ទាំង​អំពើ​របស់​រាជវង្ស​ស្ដេច​អ័ហាប់ ហើយ​អ្នក​រាល់​គ្នា​បាន​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខូច‌បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ត្រឡប់​ជា​ទី​ដែល​គេ​មើល​ងាយ អ្នក​នឹង​ត្រូវ​រង​ពាក្យ​ត្មះ‌តិះ‌ដៀល នៃ​ប្រជា‌រាស្ត្រ​របស់​យើង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម