Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អំពើ​បាប​របស់​អ៊ីស្រា‌អែល និងការ​ជាប់​ជា​ឈ្លើយ

1 អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដុះ​ទ្រុប‌ទ្រុល​ដែល​មាន​ផ្លែ។ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា គេ​ក៏​សង់​អាសនា​របស់​ខ្លួន កាន់​តែ​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​របស់​គេ​ចម្រើន​ឡើង​យ៉ាង​ណា គេ​ក៏​តុប​តែង​បង្គោល​គោរព​របស់​គេ ឲ្យ​កាន់​តែ​ល្អ​ឡើង​យ៉ាង​នោះ​ដែរ។

2 គេ​មាន​ចិត្ត​មិន​ទៀង​ត្រង់ ឥឡូវ​នេះ គេ​ត្រូវ​តែទទួល​ទោស ព្រះ​យេហូវ៉ា​នឹងផ្តួល​រំលំ​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ។

3 ឥឡូវ​នេះ គេ​នឹង​ពោល​ថា៖ «យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​ស្ដេច​អាច​ជួយ​អ្វី​ដល់​យើង​បាន?»

4 គេ​ពោល​ចេញ​តែ​ពាក្យឥត​បាន​ការ គេ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​នឹង​គ្នា ហេតុ​នេះ​ហើយ​ការ​វិនិច្ឆ័យ​ក៏​ដុះ​ពន្លក​ឡើង ដូច​តិណ​ជាតិ​មាន​ជាតិ​ពុល ដុះ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។

5 ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។ ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។

6 គេ​នឹង​ដឹក‌​រូប​កូន​គោ​នោះ​យក​ទៅ​ស្រុក​អាស‌ស៊ើរ ទុក​ជា​តង្វាយ​ថ្វាយដល់​ស្តេច​ដ៏​ជា​ធំ អេប្រាអិម​នឹង​ត្រូវ​អាម៉ាស់ ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​រូប​ព្រះ របស់​ខ្លួន។

7 ស្ដេច​ស្រុក​សាម៉ារី​នឹង​ត្រូវ​វិនាស​បាត់ ប្រៀប​ដូច​ជា​កម្ទេច​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក។

8 ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា សូម​គ្រប​បាំង​ពួក​យើង​ផង ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា សូម​ធ្លាក់​មក​លើ​យើង​មក!

9 ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ចាប់​តាំង​ពី​គ្រា​នៅ​គី‌បៀរ នៅ​ទី​នោះ អ្នក​ចេះ​តែ​ប្រព្រឹត្ត​ឥត​រាង​ចាល។ តើ​ចម្បាំង​មិន​បាន​ដេញ​ទាន់ មនុស្ស​ទុច្ចរិត​នៅ​គីបៀរ​ទេ​ឬ?

10 កាល​ណា​យើង​ពេញ​ចិត្ត យើង​នឹង​វាយ​ផ្ចាល​គេ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ នៅ​ពេល​ដែល​គេ​ទទួល​ទោស ព្រោះតែ​អំពើ​ទុច្ចរិត​ទ្វេ​ដង​របស់​គេ។

11 អេប្រាអិម​ជា​គោ​ក្រមុំ​ដែល​គេ​បាន​បង្ហាត់ ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ តែ​យើង​បាន​បំពាក់​នឹម​លើក​ដ៏​ល្អ​របស់​គេ យើង​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រាអិម ត្រូវ​ឲ្យ​យូដា​ភ្ជួរ ហើយ​ត្រូវ​ឲ្យ​យ៉ាកុប​រាស់​សម្រាប់​ខ្លួន។

12 ចូរ​សាប‌ព្រោះ​សេចក្ដី​សុចរិត​សម្រាប់​ខ្លួន ចូរ​ច្រូត​កាត់​សេចក្ដី​សប្បុរស ចូរធ្វើ​ឲ្យ​ដី​របស់​អ្នក​រាល់​គ្នា​ផុល​ឡើង ដ្បិត​នេះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​យាង​មក ហើយ​បង្អុរ​ភ្លៀង​ជា​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។

13 អ្នក​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​អំពើ​ទុច្ចរិត អ្នក​រាល់​គ្នា​បាន​បរិភោគ​ផល​នៃ​ការ​ភូត​កុហក។ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​ទុក​ចិត្ត​នឹង​មនុស្ស​ខ្លាំង​ពូកែ​ដ៏​ច្រើន​សន្ធឹក​របស់​ខ្លួន

14 ដូច្នេះ ភាព​វឹក​វរ​ក្នុង​សង្គ្រាម នឹង​កើត​ឡើង​ក្នុង​ចំណោម​ជន​‌ជាតិ​របស់​អ្នក បន្ទាយ​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ ដូច​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម គេ​បោក​កម្ទេច​ម្តាយ ព្រម​ទាំង​កូន​ឲ្យ​ខ្ទេច​ខ្ទី​ជាមួយ​គ្នា។

15 ឱ​បេត-អែល​អើយ គឺ​ការ​យ៉ាង​នេះ​នឹង​កើត​ឡើង​ដល់​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃ‌លែង​របស់​អ្នក។ នៅ​ពេល​ព្រលឹម​ស្រាង ស្តេច​អ៊ីស្រា‌អែល​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម