Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ជំនុំ​ជម្រះ​ជន​ជាតិ​អាំម៉ូន

1 ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ? តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មត៌ក​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មត៌ក ហើយ​ពួក​វា​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ?

2 ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មត៌ក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច‌អស់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន។

4 ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ពី​ច្រក​ភ្នំ​របស់​អ្នក គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ?

5 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ។

6 ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ការ​ជំនុំ​ជម្រះ​ជន​ជាតិ​អេដុម

7 ពី​សាសន៍​អេដុម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ? តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ? តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ​ឬ?

8 ឱ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​ដេដាន់​អើយ ចូរ​រត់​ទៅ ចូរ​បែរ​ខ្នង​ចុះ ត្រូវ​ទៅ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ទៅ ដ្បិត​យើង​នឹង​នាំ​សេចក្ដី​អន្តរាយ​របស់​អេសាវ​មក​លើ​គេ គឺ​ជា​វេលា​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​គេ។

9 បើ​មាន​ពួក​សម្រាប់​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​ឯ​អ្នក តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បេះ​សន្សំ​ជាន់​ក្រោយ​ទេ​ឬ? បើ​ចោរ​មក​នៅ​ពេល​យប់ តើ​វា​មិន​បំផ្លាញ​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ប៉ុណ្ណោះ​ទេ​ឬ?

10 ប៉ុន្តែ យើង​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ យើង​បាន​បើក​កេរខ្មាស​គេ​ឲ្យ​ឃើញ គេ​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​របស់​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង‌ប្អូន និង​អ្នក​ជិត​ខាង​គេ ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ។

11 ចូរ​លះ​ចោល​កូន​កំព្រា​របស់​អ្នក​ចុះ យើង​នឹង​ចិញ្ចឹម​គេ​ឲ្យ​រស់ ហើយ​ត្រូវ​ឲ្យ​ពួក​មេម៉ាយ​របស់​អ្នក​ទុក​ចិត្ត​នឹង​យើង​ទៅ»។

12 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ពួក​អ្នក​ដែល​មិន​មាន​ទោស​ដែល​ត្រូវ​ផឹក​ពី​ពែង នោះ​នឹង​ត្រូវ​ផឹក​ជា​មិន​ខាន ចុះ​អ្នក​វិញ តើ​អាច​រួច​ពី​ទោស​ទាំង​អស់​ឬ​ទេ? អ្នក​មិន​អាច​រួចខ្លួន​ទេ គឺ​អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នេះ​ជា​មិន​ខាន។

13 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។

14 ខ្ញុំ​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បាន​ចាត់​ទូត​មួយ​ឲ្យ​ទៅ​ឯ សាសន៍​ទាំង​ប៉ុន្មាន​ប្រាប់​ថា៖ «ចូរ​មូល​គ្នា​មក​ទាស់​នឹង​គេ ហើយ​លើក​គ្នា​ទៅ​ច្បាំង​ចុះ។

15 ដ្បិត មើល៍! យើង​បាន​ធ្វើ​ឲ្យ​អ្នក​តូច នៅ​កណ្ដាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​មើល‌ងាយ​អ្នក​ផង។

16 ឯ​សេចក្ដី​គួរ​ស្ញែង​ខ្លាច​របស់​អ្នក​នោះ គឺ​ជា​សេចក្ដី​អំនួត​ក្នុង​ចិត្ត​អ្នក បាន​បញ្ឆោត​ខ្លួន​ទេ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្ម ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​អ្នក​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​យើង​នឹង​ទម្លាក់​អ្នក​ចុះ​ពី​នោះ​មក​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

17 ស្រុក​អេដុម​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ឯ​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​វេទនា​របស់​ស្រុក​នោះ។

18 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ស្រុក​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ទី​នោះ​ឡើយ ដូច​ក្នុង​ការ​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ទី​ក្រុង​ជិត​ខាង​នោះ​ទាំង​ប៉ុន្មាន​ដែរ។

19 មើល៍ នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​យើង​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​យើង​បាន?»។

20 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទាស់​នឹង​ស្រុក​អេដុម និង​តម្រិះ​ដែល​ព្រះ‌អង្គ​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ។

21 ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សម្រែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម ។

22 គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដុម​នឹង​ឈឺ​ចាប់​ដូចជា​ស្រី​ដែល​ហៀប​នឹង​សម្រាល​កូន។


ការ​ជំនុំ​ជម្រះ​ក្រុង​ដាម៉ាស

23 ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ ដូច​ជា​សមុទ្រ​ដែល​កម្រើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន។

24 ក្រុង​ដាម៉ាស​បាន​ក្លាយ​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្ដី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្ដី​ថប់​ព្រួយ និង​សេចក្ដី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺហៀប​នឹង​សម្រាល​កូន។

25 ទី​ក្រុង​គួរ​សរសើរ ជា​ទី​រីក‌រាយ​ដល់​យើង ដូច​ម្តេច​បាន​ជា​គេ​មិន​សំចៃ​ទុក​អ្នក​ដូច្នេះ​ហ្ន៎។

26 ហេតុ​នោះ ពួក​កំលោះៗ​របស់​ក្រុង នោះ​នឹង​ដួល​នៅ​តាម​ផ្លូវ ហើយ​អស់​ទាំង​ទាហាន​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

27 យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​កំផែង​ក្រុង​ដាម៉ាស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ។


ការ​ជំនុំ​ជម្រះ​ស្រុក​កេដារ និង​ស្រុកហាសោរ

28 ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ក្រោក​ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ។

29 ពួក​ខ្មាំង​សត្រូវ​នឹង​ចាប់​យក​ត្រសាល និង​ហ្វូង​ចៀម​របស់​គេ ក៏​យក​វាំង​នន អស់​ទាំង​ភាជនៈ និង​សត្វ​អូដ្ឋ​របស់​គេ ទៅធ្វើ​ជា​របស់​ខ្លួន ហើយ​មនុស្ស​នឹង​ស្រែក​ប្រាប់​គេ​ថា មាន​សេចក្ដី​ស្ញែង​ខ្លាច នៅ​គ្រប់​ទិស​ហើយ។

30 ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ស្រុក​ហាសោរ​អើយ ចូរ​រត់​ទៅ ចូរ​ដើរ​សាត់‌ព្រាត់​ទៅ​ឲ្យ​ឆ្ងាយ ត្រូវ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ចុះ ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ប្រឹក្សា​ការ ហើយ​កើត​មាន​គំនិត​ទាស់​នឹង​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

31 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ក្រោក​ទៅ​ឯ​សាសន៍​មួយ​ដែល​អាច​រស់​នៅ​បាន​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ។

32 ហ្វូង​អូដ្ឋ និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​របស់​គេ នឹង​ត្រូវ​គេ​ប្លន់​យក យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ឲ្យ​ទៅ​គ្រប់​ទិស ហើយ​នាំ​សេចក្ដី​អន្តរាយ​របស់​គេ មក​ពី​គ្រប់​តំបន់​ជុំ‌វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

33 ក្រុង​ហាសោរ​នឹង​ត្រឡប់​ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ខូច‌បង់​ជា​ដរាប​តទៅ នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ ឬ​មនុស្ស​ជាតិ​ណា​មួយ​ស្នាក់​នៅ​ទី​នោះ​ឡើយ។


ការ​ជំនុំ​ជម្រះ​ស្រុក​អេឡាំ

34 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា​ថា៖

35 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បំបាក់​ធ្នូ​របស់​ពួក​អេឡាំ គឺ​ជា​ដើម​កម្លាំង​របស់​គេ។

36 យើង​នឹង​នាំ​ខ្យល់​មក​ពី​ទិស​ទាំង​បួន ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​បួន​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ។

37 យើង​នឹង​ឲ្យ​ពួក​សាសន៍​អេឡាំ​ស្រយុត​ចិត្ត នៅ​មុខ​ខ្មាំង​សត្រូវ ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ក៏​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ចាត់​ដាវ​ឲ្យ​ដេញ​តាម​ក្រោយ​គេ ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​រលីង។

38 យើង​នឹង​តាំង​បល្ល័ង្ក​យើង នៅ​ស្រុក​អេឡាំ ហើយ​បំផ្លាញ​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ពី​ស្រុក​នោះ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

39 ប៉ុន្តែ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​អេឡាំ ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម