Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេម៉ុស 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម ឲ្យ​សុស​ដូច​កំបោរ។

2 យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើស្រុក​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន​នៅ​ក្រុង​កេរីយ៉ុត ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សម្រែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ

3 យើង​នឹង​កាត់​ចៅ‌ក្រម​ចេញ​ពី​ចំណោម​គេ ព្រម​ទាំង​សម្លាប់​ពួក​មេ​ទាំង​ប៉ុន្មាន​ជា‌មួយ​គេ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ការ​ជំនុំ​ជម្រះ​លើ​ស្រុក​យូដា

4 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​យូដា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ​សោះ គឺ​សេចក្ដី​ភូត​ភរ​របស់​គេ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ ជា​សេចក្ដី​ភូត​ភរ​បុព្វ‌បុរស​គេ​បាន​គោរព​តាម។

5 យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ស្រុក​យូដា ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន របស់​ក្រុង​យេរូ‌សាឡិម។


ការ​ជំនុំជម្រះ​លើ​ស្រុក​អ៊ីស្រា‌អែល

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ

7 គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង

8 គេ​ក្រាល​សម្លៀក‌បំពាក់​ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ។

9 ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។

10 យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំអ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ។

11 យើង​បាន​តាំង​កូន​ចៅ​ខ្លះ​របស់​អ្នក​រាល់​គ្នា ឡើង​ធ្វើ​ជា​ហោរា ហើយ​កំលោះ​ខ្លះ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​ពួក​ណាសារីត ឱ​ប្រជាជន​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ទេ​ឬ? នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។

13 មើល៍ យើង​នឹង​កិន​អ្នក​រាល់​គ្នានៅ​កន្លែង​របស់​អ្នក ដូច​រទេះ​កិន​នៅ​ពេល​ដឹក​កណ្ដាប់ស្រូវ​ពេញ​ដែរ។

14 អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ

15 អ្នក​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន អ្នក​ដែល​ជើង​ពូកែ​រត់ នឹង​សង្គ្រោះ​ខ្លួន​ឯង​មិន​រួច ហើយ​អ្នក​ដែល​ជិះ​សេះ ក៏​នឹង​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ

16 អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម